ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃ២៦លានដុល្លារអាមេរិកដែលជាជំនួយរបស់ជប៉ុនសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

0

«ក្រុងភ្នំពេញ»៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃអង្គារ៍ទី២ ខែមេសា ឆ្នាំ២០១៩នេះនឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតដែលបានសាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនតម្លៃជាង ២៦លានដុល្លារសហរដ្ឋអាមេរិក។

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ បានចាប់ផ្តើមសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែសីហា ឆ្នាំ២០១៨។ តាមរយៈប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងជួយឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត មានសមត្ថភាពផលិតទឹកស្អាតសរុប ប្រមាណ១៣,២៦០ម៉ែត្រគូបក្នុងមួយថ្ងៃ គឺស្មើនឹងជាង២ដងនៃសមត្ថភាពផលិតពីមុន។ វត្តមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ រួមជាមួយបណ្តាញចែកចាយសរុបប្រវែង ១៧៦.៩គីឡូម៉ែត្រ ធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពតអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដោយគិតជាថ្លៃមធ្យម ១៤០០រៀល/ម៉ែត្រគូប ជូនប្រជាពលរដ្ឋនៅក្រុងកំពត និងស្រុកទឹកឈូ សរុបជាង ១៣,០០០គ្រួសារ។

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ក៏ជាការរួមចំណែកធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត សម្រេចបាននូវគោលនយោបាយរបស់រដ្ឋាភិបាលដែលបានកំណត់ថា «ត្រូវពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ត្រឹមឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា»៕