«ក្រុងភ្នំពេញ»៖លោកស៊ុន ចាន់ថុលប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជាបានអះអាងថាអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក នឹងត្រូវគ្រោងបញ្ចប់ការជួសជុល សាងសាង់ នៅចុងខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីឱ្យអត្តពលិកកម្ពុជាហ្វឹកហាត់ត្រៀមខ្លួនយកមេដាយជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។
ថ្លែងនៅក្នុងឱកាសចុះពិនិត្យមើលវឌ្ឍនាភាពការងារជួសជុល និងសាងសង់អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី៣១មីនាទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុបានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកប្រភពថវិកា ពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ដើម្បីកសាងអាងហែលទឹកឱ្យបានច្រើនកន្លែងទៀត ក្នុងគោលបំណងដើម្បីអភិវឌ្ឍវិស័យកីឡាហែលទឹកនៅកម្ពុជា ឱ្យមានការរីកចម្រើន និងដើម្បីស្វែងរកមេដាយជូនជាតិឱ្យបានច្រើន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ ខាងមុខនេះ។
លោកទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា ការថែទាំជួសជុលអាងហែលទឹកនេះ គម្រោងចំណាយរយៈពេលពីប្រាំពីរខែទៅប្រាំបីខែ ហើយកីឡាករ-កីឡាការិនីដែលកំពុងទទួលការហ្វឹកហាត់បច្ចុប្បន្នទាំងអស់ នឹងត្រូវទៅហ្វឹកហាត់នៅកន្លែងថ្មីជាបណ្តោះអាសន្នសិន រង់ចាំការជួសជុល និងសាងសង់បាន បញ្ចប់ជាស្ថាពរ។
សូមបញ្ជាក់ផងដែរថាបច្ចុប្បន្ន ការជួសជុល និងសាងសង់អាងហែលទឹក និងអាងលោត សម្រេចបានប្រមាណជា ៥៥ភាគរយហើយ ដែលការថែទាំជួសជុល និងសាងសង់អាងហែលទឹកនេះ គម្រោងចំណាយរយៈពេលពី ៧ខែ ទៅ៨ខែ ដោយចាប់ដំណើរការជួសជុល និងសាងសង់ពីខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនឹងគ្រោងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០១៩ ដើម្បីដាក់ឱ្យដំណើរការឡើងវិញ សម្រាប់ឱ្យកីឡាករ-កីឡាការិនីកម្ពុជា ធ្វើការហ្វឹកហាត់ ក្នុងការត្រៀមខ្លួនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣៕