«ក្រុងភ្នំពេញ» ៖ ចាត់ទុកជារឿងភ្ញាក់ផ្អើលមួយ នៅពេលដែលលោក យិន ង៉ិច បានលើកឡើងថា កូនស្រីរបស់លោកមានបញ្ហាផ្នែកផ្លូវដង្ហើម ឲ្យតែឃើញប៉ូលិសសន្លប់ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលពេលនេះមិនទាន់បានបង្ហាញខ្លួននៅឡើយ។
លោក ឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លោក យិន ង៉ិច មិនទាន់បាននាំកូនស្រីមកបង្ហាញខ្លួននៅស្នងការរាជធានីភ្នំពេញនៅឡើយ ។ លោកឧត្តមសេនីយ៍ បានបន្តថា ខាងប៉ូលិសបានទុកពេលរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ដើម្បីឲ្យលោក យិន ង៉ិច នាំកូនស្រីឈ្មោះ យិន ម៉ាណា ជាអ្នកបើកបរឡានបុកនិស្សិតស្រីម្នាក់ស្លាប់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មកដោះស្រាយតាមនីតិវិធី ។
ដោយឡែកលោក យិន ង៉ិច សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានលើកឡើងថាលោកនឹងនាំកូនស្រីរបស់លោកមកបង្ហាញនៅខ្លួននៅស្នងការរាជធានីភ្នំពេញ នៅថ្ងៃស្អែកទី២៩ ខែមីនា ។ ក្នុងនោះលោកក៏បានបញ្ជាក់ថា កូនស្រីរបស់លោកឈ្មោះ យិន ម៉ាណា អាយុជិត១៧ឆ្នាំ ដោយបច្ចុប្បន្នមានបញ្ហាផ្នែកផ្លូវដង្ហើម ឲ្យតែឃើញប៉ូលិស សន្លប់ អ៊ីចឹងលោកត្រូវការពេលពេលវេលា ដើម្បីលួងលោមកូន៕