ភ្នំពេញ៖ លោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាមនៅថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០១៩នេះបានចេញដីការបង្គាប់ឲ្យឃុំខ្លួនលោក សាន្ត សុខុមកូនលោក សាន្ត ប៊ុនថានមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
យោងតាមដីការបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងខេត្តកំពង់ចាមបានបញ្ជាក់ថា” ជននេះត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយគំរាមកំហែងនឹងអាវុធនិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចណេត យីហោ ៥០៧ ស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០១៩តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ”។
សូមជម្រាបថាក្រោយមានបទបញ្ជាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី២៥មីនា លោក សាន្ត ប៊ុនថានមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបាននាំកូនឈ្មោះសាន្ត សុខុមជាមន្រ្តីកងរាជអាវុធហត្ថពាក់ស័ក្តិ៤ដែលបានប្រើហិង្សានិងដកកាំភ្លើងគំរាមយុវជន២នាក់ចូលទៅសារភាពនៅសាលាដំបូងខេត្តកំពង់ចាម៕