«ក្រុងភ្នំពេញ» ៖ ក្រោយប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងឲ្យលោកមេប៉េអឹមក្រចេះបញ្ចុះបញ្ចូលកូនប្រុសឲ្យចូលមកសារភាពពីទោសកំហុស បើមិនចង់អស់ស័ក្ត នោះ នៅរសៀលថ្ងៃទី២៥ ខែមីនាលោក សាន្ត ប៊ុនថាន បាននាំកូនប្រុសសក័្ត ៤ ឈ្មោះ សាន្ត សុខុម ចូលខ្លួនសារភាពទោសកំហុសនៅខេត្តកំពង់ចាម ។
ជាមួយការចូលខ្លួនមកសារភាពទោសកំហុស តំណាងអយ្យការនៃសាលាដំបូងខេត្តកំពង់ចាម បានសម្រេចចោទប្រកាន់ កូនប្រុសមេបញ្ជាការអាវុធខេត្តក្រចេះចំនួន២បទល្មើស ក្នុងនោះមានបទ «ហិង្សាដោយចេតនាមានស្ថានភាពទម្ងន់ទោសដោយគំរាមកំហែងនិងអាវុធ និងប្រើប្រាស់អាវុធខុសច្បាប់» ពាក់ព័ន្ធការវាយ និងដកកាំភ្លើងភ្ជង់ទៅលើយុវជន២នាក់ ក្នុងហាងអ៊ីនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម។ បន្ទាប់ពីចោទប្រកាន់រួច សំណុំរឿងនេះ នឹងបញ្ជូនបន្តទៅកាន់ចៅក្រមស៊ើបសួរតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច បានបញ្ជូនទៅកាន់តុលាការខេត្តកំពង់ចាមហើយ នារសៀលថ្ងៃទី២៥ ខែមីនា បន្ទាប់ពីរូបគេ បានបង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ច ដើម្បីទទួលទោសកំហុសរបស់ខ្លួនពាក់ព័ន្ធការវាយ និងដកកាំភ្លើងភ្ជង់ទៅលើយុវជន២នាក់ ក្នុងហាងអ៊ីនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម។
គួរបញ្ជាក់ផងដែរថា លោក សាន្ត សុខុម ដែលជាមន្ត្រីអាវុធហត្ថខេត្តក្រចេះពាក់ស័ក្តិ៤ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ បានប្រើហិង្សាដោយដាល់ និងឡើងជង្គង់ទៅលើយុវជនពីរនាក់នៅកន្លែងលេងអឺនធើណេតមួយកន្លែងក្នុងខេត្តកំពង់ចាម ហើយថែមទាំងយកកាំភ្លើងខ្លីភ្ជង់គំរាមផងដែរ ៕