«ក្រុងភ្នំពេញ»៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថានៅថ្ងៃទី ២៩ មីនា ២០១៩ ខាងមុខនេះ នឹងប្រកាសចេញនូវកំណែទម្រង់សេដ្ឋកិច្ចដែលមានចក្ខុវិស័យយូរអង្វែង ដើម្បីឈានឆ្ពោះទៅរកដង្ហើមដកចេញចូល និងរស់ដោយខ្លួនឯង ដោយគ្មានការគាបសង្កត់ពីបរទេស។
នៅព្រឹកថ្ងៃទី ២០ ខែ មីនា ២០១៩ នេះក្នុងជំនួបជាមួយកម្មករជាង១ម៉ឺននាក់នៅខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍”កំណែទម្រង់នេះនឹងមិនរងផលប៉ះពាល់ដោយកត្តាខាងក្រៅនោះទេ។ ប៉ុន្តែនឹងផ្តល់នូវភាពអនុគ្រោះ និងផលប្រយោជន៍កាន់តែច្រើន ដើម្បីលើកទឹកចិត្តដល់វិស័យឯកជន ដែលជាឱកាសដ៏ល្អ សម្រាប់វិនិយោគគិន និងពាណិជ្ជករទាំងក្នុងស្រុក និងមកពីបរទេស”។
សូមរំលឹកថាកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ជាបណ្តើរៗមួយចំនួនហើយ ដើម្បីសម្រួលអោយការនាំទំនិញចូលមកកម្ពុជាមានល្បឿនលឿន មិនចំណាយលើតុ ក្រោមតុច្រើន ដូចជាការរំលាយចោលអង្គភាពកាំសាប, ដកចេញកាំកុងត្រូល, និងមិនចាំបាច់តម្រូវអោយស្កែន (Scan) ទំនិញនាំចូល។
ប៉ុន្តែក្នុងករណីដែលសង្ស័យថាមានគ្រឿងញៀន គឺអាចស្កែនបាន ប៉ុន្តែត្រូវធ្វើអោយបានលឿន និងឆាប់រហ័សបំផុត ដើម្បីកុំអោយខកពេលវេលា និងខាតបង់ប្រាក់កាសក្រុមហ៊ុនច្រើន។ ចំពោះការនាំចេញវិញ បើស្កែន គឺធ្វើចំពោះប្រទេសណាដែលគេតម្រូវអោយស្កែនតែប៉ុណ្ណោះ៕