ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង រយៈពេល៣ថ្ងៃ បានបញ្ចប់ដោយជោគជ័យប្រកបដោយក្តីសប្បាយរីករាយបំផុតដោយក្នុងនោះមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរប្រមាណជាង១លាននាក់បានចូលរួមទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ និងប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ។
យោងតាមផេកហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បានឲ្យដឹងថាតាមការវាយតម្លៃបឋមរបស់គណៈកម្មការរៀបចំពីធីបុណ្យទន្លេ និងផ្នែកនគរបាលគ្រប់គ្រងសន្តិសុខ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេនេះដែរ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តសរុបប្រមាណជាង ១លាននាក់ ដោយក្នុងនោះ នៅថ្ងៃទី១៥ មានអ្នកចូលរួមលេងកម្សាន្តប្រមាណ ២០ម៉ឺននាក់ ថ្ងៃទី១៦ មានប្រមាណជាង ៥០ម៉ឺននាក់ ថ្ងៃទី១៧ មានប្រមាណពី ៣០-៣៥ម៉ឺននាក ហើយបើគិតទាំងថ្ងៃទី១៣ និងទី១៤ មុនថ្ងៃបុណ្យផងនោះ គឺមានអ្នកមកទស្សនាកម្សាន្តសរុបប្រមាណ ៦ម៉ឺននាក់ទៀត។
ប្រជាពលរដ្ឋនិងភ្ញៀវទេសចរយ៉ាងច្រើនកុះករបានមូរមីមកទស្សនាសកម្មភាពកីឡានាពេលថ្ងៃ និងទស្សនាការតាំងពិព័រណ៍ ការសម្ដែងសិល្បចម្រៀង របាំ ល្ខោនយីកេ និងផ្ទាំងទស្សនីយភាពនពេលរាត្រីយ៉ាងអធិកអធម។
រីឯបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប ចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋទៀតសោត ក៏គ្មានបញ្ហាអ្វីធំដុំគួរឲ្យព្រួយបារម្ភឡើយខណៈកងកម្លាំងសមត្ថកិច្ចក៏ខិតខំពង្រឹងការការពារនិងសម្រួលមធ្យោបាយនានាជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ផងដែរ៕