«ក្រុងភ្នំពេញ»៖ជាថ្មីម្ដងទៀតសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមក្នុងការរក្សាទឹកទុក ក៏ដូចជាបន្តការជីកអណ្តូង ជីកស្រះឲ្យបានច្រើនបន្ថែមទៀត ដើម្បីត្រៀមពេលដែលយើងខ្វះខាតទឹកសម្រាប់ប្រើប្រាស់បន្ទាន់នោះព្រមទាំងអត់ធ្មត់ចំពោះបញ្ហាដាច់ភ្លើង។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបចំនួន ១,៧០៩នាក់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវអោយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមក្នុងសកម្មភាពមនុស្សធម៌ ក្នុងការជីកអណ្តូង ជីកស្រះ និងស្វែងរកប្រភពទឹកអោយហើយប្រសើរជាងការដឹកជញ្ជូនទឹកអោយគ្នាពេលដែលខ្វះខាតទឹកក្នុងគ្រាបន្ទាន់នោះ។
ចំណែកឯពាក់ព័ន្ធរឿងអគ្គិសនីវិញ សម្តេចតេជោ ហ៊ុន សែន សូមឲ្យប្រជាពលរដ្ឋមានការអត់ធ្មត់បន្តិច ពីព្រោះពេលនេះកម្ពុជាយើងកំពុងខ្វះខាតអគ្គិសនីប្រើប្រាស់រហូតដល់៤០០មេហ្គាវ៉ាត់ ដោយយើងខ្វះខាតទឹកក្នុងការទាញយកថាមពលពីវារីអគិ្គសនី។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកំពុងរងចាំការឆ្លើយតបពីប្រទេសទួកគី ក្នុងការទទួលកាប៉ាល់ដែលផ្ទុកអគ្គិសនីពីព្រោះយើងត្រូវការទាញថាមពលអគ្គិសនីពីកាប៉ាល់នេះដើម្បីផ្គត់ផ្គង់អគ្គិសនី។ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវអោយប្រជាពលរដ្ឋក៏ដូចជាសហគ្រាសអាចប្រើម៉ាស៊ីនភ្លើងបាន សូមប្រើម៉ាស៊ីនភ្លើងជំនួសកាប្រើប្រាស់ភ្លើងអគ្គិសនីវិញ ដើម្បីចូលរួមសន្សំសំចៃទាំងអស់គ្នានៅពេលដែលយើងកំពុងតែខ្វះខាតភ្លើងអគ្គីសនី៕