មកស្រុកខ្មែរលើកដំបូងលោក មួន ជេអ៊ីនផ្តល់ឥណទានសម្បទាន៧០០ លានដុល្លារអាមេរិកដល់សម្ដេចតេជោ

0

ភ្នំពេញ៖សម្រាប់ឆ្នាំ២០១៩ ដល់២០២៣ សាធារណរដ្ឋកូរ៉េបានបន្តផ្តល់ឥណទានសម្បទានសរុបចំនួន ៧០០ លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធវិស័យធនធានទឹក និងសុខមាលភាពសាធារណៈ វិស័យអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យអភិវឌ្ឍន៍ជនបទមានជាអាទិ៍គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអាកាសចរស៊ីវិល គម្រោងស្ដារផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ជាមួយនឹងទំហំនៃការវិភាគទានដ៏ច្រើនរបស់រដ្ឋាភិបាលនិងប្រជាជនសាធារណរដ្ឋកូរ៉េដែលបានជួយដល់ការស្ដារ និងកសាងនិងអភិវឌ្ឍន៍។

យោងតាមផេកហ្វេសប៊ុករបស់សម្ដេចតេជោហ៊ុនសែនបានឲ្យដឹងថា កម្ពុជា និងកូរ៉េ មានទំនាក់
ទំនងល្អជាមួយគ្នាជាយូរណាស់មកហើយប៉ុន្តែទំនាក់ទំនងនេះត្រូវបានផ្អាកមួយរយៈដោយសារបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា តែទំនាក់ទំនងការទូតនេះត្រូវបានតភ្ជាប់ឡើងវិញនៅថ្ងៃទី៣០ ខែតុលាឆ្នាំ១៩៩៧ បន្ទាប់ពីសម្តេចបានធ្វើទស្សនកិច្ចនៅកូរ៉េ នាខែកក្កដាឆ្នាំ១៩៩៦ និងបានសម្រេចឲ្យមានការចាប់ផ្ដើមឡើងវិញនូវទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ ជាមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសាធរណរដ្ឋកូរ៉េដែលតែងតែចូលរួមក្នុងការស្ដារ និងអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការផ្តល់នូវហិរញ្ញប្បទាន សហប្រតិបត្តិការ និងការវិនិយោគដោយផ្ទាល់ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន និងកិច្ចសហប្រតិបត្តិការ។ គិតពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០១៨ រដ្ឋាភិបាលប្រទេសកូរ៉េបានផ្ដល់ហិរញ្ញប្បទានប្រមាណ ៦៣២ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណងមានប្រមាណជា៣០០ លានដុល្លារអាមេរិក។

សម្តេចតេជោនាយករដ្ឋមន្ត្រីសូមអោយវិស័យឯកជននិងអ្នកវិនិយោគកូរ៉េដែលមិនទាន់បានមកកម្ពុជាសូមអញ្ជើញមកសិក្សាស្វែងយល់អំពីសក្តានុពលនិងកាលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា នឹងទាញយកផលប្រយោជន៍ជាអតិបរមា។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅដើម្បីកាត់
បន្ថយថ្លៃដើមនៃថ្លៃប្រតិបត្តិការធុរកិច្ចរាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដល់ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស៕