ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ថា សមត្ថកិច្ចរកពុំឃើញភស្តុតាងណាមួយបញ្ជាក់ថាមានការពាក់ព័ន្ធនឹងអ្នកឧកញ៉ា គិត ម៉េង ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ។
សម្តេចក្រឡាហោម ស ខេង បានសរសរថា «ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រឹងក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ដោយរឹបអូសបានវត្ថុតាងថ្នាំញៀនជាច្រើនគីឡូក្រាម និងបានឃាត់ខ្លួនជនសង្ស័យមួយចំនួនផងដែរ ។
សម្តេចក្រឡាហោម បានបន្តបញ្ជាក់ថា បន្ទាប់ពីការបង្ក្រាបដោយជោគជ័យរបស់កងកម្លាំងនគរបាលលើករណីនេះ ក៏បានកើតមានពាក្យចចាមអារាមថា ករណីបទល្មើសគ្រឿងញៀននេះមានការពាក់ព័ន្ធនឹងបុគ្គលផ្សេងៗ ដែលខ្ញុំសូមយកឱកាសនេះជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋទាំងអស់ជ្រាបថា តាមរយៈការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ មកដល់ពេលនេះសមត្ថកិច្ចរកពុំឃើញភស្តុតាងណាមួយបញ្ជាក់ថាមានការពាក់ព័ន្ធនឹងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នោះទេ ៕