ដូចការគ្រោងទុករបស់រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ថាដើមឆ្នាំ២០១៩ នឹងមានអ្វីដែលថ្មីពាក់ព័ន្ធស្លាកលេខយានយន្ត ដែលកំពុងដំណើរការក្នុងព្រះរាជាណាចក្រកម្ពុជា ។
ស្លាកលេខថ្មីប្រភេទអក្សរ ដោយអាចដាក់ឈ្មោះសាមីខ្លួនរបស់យានយន្ត មានសណ្ឋានរូបរាងមិនខុសពីផ្លាកលេខធម្មតាប៉ុន្មានទេ។ ប៉ុន្តែវាពិសេសត្រង់ថាអ្នកអាចជ្រើសរើសតួអក្សរ ឬតួលេខសម្រាប់ប្រើប្រាស់លើផ្លាកលេខបាន (មិនលើសពី ៨ ខ្ទង់) ដោយអាចសរសេរជាឈ្មោះថា SOTHIDA ឬសរសេរត្រឹមពីរតួអក្សរដូចជា WH ឬ BA ក៏បានដែរ។
ក្រសួងបានបញ្ជាក់ថាផ្លាកលេខថ្មីកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ ខណៈដែលអនុក្រឹត្យ ស្ដីពីការចេញផ្លាកលេខសម្គាល់យានជំនិះ កំពុងត្រូវបានកែសម្រួល ដើម្បីឲ្យឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ និងបង្កើនចំណូលរដ្ឋ។