Valentine’s Day មិនមែនជាបុណ្យប្រពៃណីខ្មែរទេ​យុវវ័យមិនត្រូវបណ្ដោយខ្លួនធ្វើឲ្យបាត់បង់​សេចក្តីថ្លៃថ្នូរឡើយ

0

ភ្នំពេញ ៖ ទិវាបុណ្យនៃក្តីស្រឡាញ់នេះ ពុំមែនជាពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរនោះទេហើយនៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវាបុណ្យនៃក្តីស្រឡាញ់កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឲ្យយុវវ័យ ភ្លេចការសិក្សាបាត់បង់សេចក្តីថ្លៃថ្នូររបស់ខ្លួននិងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិ ដ៏ផូរផង់របស់ខ្មែរផងដែរឆ្លើយតបបញ្ហានេះ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញវិធានការ៤ចំណុចទប់ស្កាត់សកម្មភាពមិនប្រក្រតី នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
ដើម្បីពង្រឹង ការអនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានសាធារណៈ ក្រសួងអប់រំ ដាក់ចេញវិធានការសំខាន់ៗរួមមាន ៖
១, ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុស អំពីអត្ថន័យនៃទិវាបុណ្យនៃក្តីស្រឡាញ់។
២,ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈឲ្យបានម៉ឺងម៉ាត់ជាពិសេសលើការគ្រប់គ្រងសីលធម៌និងវិន័យដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។
៣, ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”។
៤, ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្សដើម្បីសហការគ្នាអប់រំណែនាំកែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា៕