ភ្នំពេញ៖ក្រោយសង្កេតឃើញតម្លៃស្រូវអ៊ីអ៊ែរគ្រប់ប្រភេទ ដែលប្រជាកសិករលក់ទៅ ឲ្យឈ្មួញក្នុងនិងក្រៅស្រុក មានតម្លៃទាបជាងឆ្នាំ២០១៨ដោយអាចលក់ស្រូវបានក្នុងតម្លៃចន្លោះពី ៦៨០រៀល ទៅ៧២០រៀល ក្នុងមួយគីឡូក្រាម។លោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឲ្យវៀតណាមជួយសម្រួលប្រមូលទិញស្រូវពីកម្ពុជា។
ជាការឆ្លើយតបឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh បានអះអាងថាភាគីវៀតណាមនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយពាណិជ្ជករវៀតណាមបន្ទាប់មកនឹងធ្វើរបាយការណ៍លម្អិតជូននាយករដ្ឋមន្រ្តីវៀតណាមដើម្បី ជំរុញឱ្យពាណិជ្ជករវៀតណាមជួយប្រមូលទិញស្រូវពីកម្ពុជាក្នុងតម្លៃសមរម្យ។
ក្នុងកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពការប្រមូលទិញស្រូវពីកសិករកម្ពុជាក្នុងពេលបច្ចុប្បន្ន រវាងលោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩
ភាគីវៀតណាម នឹងជំរុញឱ្យមាន ការចុះអនុស្សរណនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសលើផលិតផលថ្នាំជក់ និងស្រូវ-អង្ករដោយអត្រាពន្ធសូន្យ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ទូរទស្សន៍វៀតណាមនឹងចុះទៅកន្លែង ប្រមូលផលធ្វើការផ្សព្វផ្សាយពីវិធានការនៃប្រជុំនេះជូនដល់ពាណិជ្ជករវៀតណាមឱ្យជួយទិញស្រូវក្នុងតម្លៃ សមរម្យ៕