ភ្នំពេញ៖
ជើងហោះហើរ«Lanmei Airlines» មានបញ្ហាធ្វើឲ្យអ្នកដំណើរជិត២០០នាក់ជាប់គាំង៩ម៉ោងនៅព្រលានយន្តហោះភ្នំពេញ
ភ្នំពេញ៖ ដោយសារតែម៉ាស៊ីនយន្តហោះក្រុមហ៊ុនអាកាសចរ Landmei មានបញ្ហាបានធ្វើឲ្យអ្នកដំណើរជិត ២០០នាក់ជាប់គាំង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយគិតមកត្រឹមក្បាលព្រលប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នេះមាមរយៈពេល ៩ម៉ោង ។
យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរចិន «Lanmei Airlines» បានជួបបញ្ហាបច្ចេកទេស (ម៉ាស៊ីនយន្តហោះ) នៅពាក់កណ្តាលផ្លូវអាកាស ខណៈកំពុងធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ ជាមួយអ្នកដំណើរជាង២០០នាក់ បានរយៈពេលប្រមាណ ៤០នាទីប៉ុណ្ណោះ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
អ្នកដំណើរម្នាក់ក្នុងចំណោមមនុស្ស ២០០នាក់ដែលជាប់គាំងនោះ បានប្រាប់មកកាន់ OBN Asia នៅក្បាលព្រលប់រាត្រីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ឲ្យដឹងថា ជើងហោះហើរនោះបានចេញពីព្រលានអំឡុងពេលម៉ោង ៩ ព្រឹក ប៉ុន្តែ ក្រោយហោះហើរបានប្រហែល ៤០នាទី ខាងអ្នកបើក យន្តហោះបានប្រកាសថាយន្តហោះមានបញ្ហាបច្ចេកទេសត្រូវបែរក្បាលត្រលប់មកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញវិញ ។
ប្រភពដដែលបានបន្តថា រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់បានចេញនោះទេ ដោយកំពុងរងចាំជើងហោះហើរ បាងកកអែរវ៉េ ដើម្បីជិះទៅ ប៉ុន្តែ រហូតដល់ម៉ោង ៦និង៣០នាទីនេះ គឺនៅតែជិះលើរថយន្តរងចាំនៅឡើយ ។
អ្នកដំណើររូបនេះថា លែងហ៊ានទិញជើងហោះហើរនេះជិះទៀតហើយ នេះជាលើកចុងក្រោយហើយ និងជាលើកដំបូងដែលជួបប្រទះ ។
ក្រុមហ៊ុនទេសចរណ៍ចិន Lanmei Airlines(Cambodia) Co.,Ltd បានបើកសម្ពោធជាផ្លូវការ នៃការដាក់ដំណើរការជើងហោះហើរ នៅប្រទេសចំនួន៦ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧៕