ដើមខែកុម្ភៈសមត្ថកិច្ចនឹងចុះពិន័យម្ចាស់យាន្ដជំនិះ​ដែលមិនទាន់បង់ពន្ធ

0

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានសេច​ក្ដីជូនដំណឹង ស្ដីពីការចុះពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៨ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថាក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំដោយមន្ដ្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ក្រោមជាតិ នឹងចុះពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៨ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ»។

ក្នុងករណីម្ចាស់យានយន្តខកខាន មិ​នបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨​កន្លងទៅ សូមមេត្តារួសរាន់ ​ទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ផាកពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅសាខាធនាគារកាណាឌីយ៉ា ក.អ ឬនៅសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅសាខាធនាគារវឌ្ឍនៈ ឬនៅសាខាធនាគារកម្ពុជាសាធារណៈ។