ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍បានឲ្យដឹងថាគិតចាប់ពីឆ្នាំ២០១៤-២០១៨ កម្ពុជាបណ្ដេញចេញជនបរទេសខុសច្បាប់ប្រមាណជា១៥,០០០នាក់ ភាគច្រើន ជនជាតិចិននិងវៀតណាមខណៈឆ្នាំ២០១៨កន្លងទៅបណ្ដេញប្រមាណ៣ពាន់នាក់។
លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពេលសម្រាកពី កិច្ចប្រជុំការងារ ដកហូតឯកសាររដ្ឋបាលមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន៍ នាថ្ងៃទី២១ មករានេះបន្ថែមថាក្នុងដើមឆ្នាំ២០១៩ រាជរដ្ឋាភិបាលដកហូតឯកសារមិនប្រក្រតីដែលកាន់កាប់ដោយជនបរទេស ប្រមាណជាង៣ម៉ឺនក្បាលមាន១០សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ ៕