The CNN Business កាលពីពេលថ្មីៗនេះបានចុះផ្សាយថាបច្ចុប្បន្នមហាសេដ្ឋីពាន់លាននៅលើពិភពលោកកំពុងជាប្រចាំថ្ងៃគឺកើនឡើងទ្រព្យសម្បត្តិរបស់គេប្រមាណជា២,៥ពាន់លានដុល្លារខណៈដែលប្រជាជនពាក់កណ្តាលក្រីក្របំផុតនៅលើពិភពលោកកំពុងតែយ៉ាប់យ៉ឺន។
យោងតាមរបាយការណ៍របស់ Oxfam International ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថាចំនួនមហាសេដ្ឋី២២០៨នាក់មានទ្រព្យសម្បត្តិច្រើនជាងមុនមិនធ្លាប់មានពីមុនមកគិតចាប់តាំងពីពេលមានវិបត្តិហិរញ្ញវត្ថុសកលលោកអស់រយៈពេលមួយទសវត្សរ៍មកហើយចំនួនមហាសេដ្ឋីមានការកើនចំនួនជិតទ្វេដង។
ការសិក្សាប្រចាំឆ្នាំមួយត្រូវបានចេញផ្សាយនៅមុនវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំនៅទីក្រុងDavosប្រទេសស្វីសដែលប្រមូលផ្តុំអ្នកមានទ្រព្យសម្បត្តិនិងអ្នកមានឥទ្ធិពលបំផុតនៅលើផែនដី។ របាយការណ៍ដែលមាន១០៦ ទំព័រនេះសំដៅទៅលើការយកចិត្តទុកដាក់និងព្រួយបារម្ភខ្លាំងចំពោះគម្លាតដែលកំពុងតែកើនឡើងរវាងអ្នកមាននិងអ្នកក្រ។
របាយការណ៍នេះបានបង្ហាញទៀតថាទ្រព្យសម្បត្តិសរុបនៃបុគ្គលដែលជាមហាសេដ្ឋីពាន់លានប្រមាណជា២៦នាក់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកបានកើនឡើងដល់១,៤ពាន់ពាន់លានដុល្លារកាលពីឆ្នាំមុនដែលមានចំនួនដូចគ្នាទៅនឹងទ្រព្យសម្បត្តិសរុបនៃប្រជាជនក្រីក្របំផុតចំនួន៣,៨ពាន់លាននាក់នៅលើលោក៕
ប្រែសម្រួល:Mr. Lee