ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ២០ ខែមករា ឆ្នាំ២០១៩ ក្រុមកង់ Banker Cycling Team បាននាំសម្ភារៈសិក្សាមួយចំនួន ទៅជួយដល់សិស្សក្រីក្រ ក្នុងសហគមន៍ តំបន់ជីផាត ដោយមានសាលាសិស្សក្រីក្រមួយ ស្ថិតនៅកណ្តាលព្រៃ នៃខេត្តកោះកុងនេះ ។
ក្រោយពីមើលឃើញពីភាពលំបាករបស់សិស្សក្នុងដំណើរកម្សាន្ត ទៅកាន់តំបន់ជីផាត កាលពីពេលកន្លងទៅ ក្រុមកង់ខាងលើ ក៏បានពិភាក្សាក្នុង ក្រុម ដោយរៃអង្គាសថវិកា ដើម្បីទិញសម្ភារៈសិក្សា មានដូចជា កាតាប១ បិច ខ្មៅដៃ បន្ទាត់ ទឹកដោះគោ និងលុយម្នាក់២០០០០រៀល សម្រាប់សិស្សម្នាក់សរុប៣០នាក់ និង គ្រូ ម្នាក់ៗ ២២០០០០រៀល សរុប២នាក់ និងថវិការសម្រាប់រដ្ឋបាលសាលា ៤៦៩០០០រៀល។
ឆ្លើយតបជាមួយការចុះជួយរបស់ក្រុមកង់ខាងលើ លោក ង៉ែត វណ្ណី ដែលជាគ្រូនៅសាលាបឋបសិក្សាឧបសម្ព័ន្ធ អូរកី ភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានប្រាប់ OBN Asia តាមទូរស័ព្ទ នៅព្រឹកនេះថា លោកពិតជាសប្បាយរីករាយមែនទែន ដែលក្រុមកង់ Banker Cycling Team បានចុះជួយដល់សាលារបស់លោកកំពុងខ្វះខាត ហើយក៏នឹងសង្ឈឹមថា ក្រុមកង់ខាងលើនឹងបន្តចុះជួយទៀតនៅលើកៗក្រោយ ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សនៅទីនេះ ។ លោកបានបន្ថែមថា បច្ចុប្បន្នសាលានេះកំពុងស្ថិតក្នុងស្ថានភាពលំបាក ហើយក៏កំពុងរៀបគ្រោងចាក់ថ្មផ្នែកខាងក្រោម ក៏ប៉ុន្តែនៅខ្វះខាតថវិកា ក្នុងការសាងសង់ អ៊ីចឹងសង្ឈឹមថា ពួកគាត់នឹងពាំនាំសម្បុរសធម៌បន្ត ទៀត នៅថ្ងៃណាមួយ ។
គួរបញ្ជាក់ផងដែរថា នៅសាលាខាងលើនេះមានមួយបន្ទប់ ដោយមានសិស្ស រៀនចំនួន ៣០នាក់ ដំបូលប្រក់ពីស័ង្កសី ហើយផ្នែកខាងក្រោមធ្វើពីឈើបណ្តុះឡើង ៕
















