ជនជាតិថៃបោកស្រីរូបស្រស់ជានារីបម្រើការការស៊ីណូម្នាក់ឲ្យស្ពាយគ្រឿងញៀនជាង១គីឡូក្រាម

0

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀនសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ បានចុះប្រតិបត្តិបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ នៅចំណុចខាងជើងស្រះស្ទួចត្រី ស្ថិតក្នុងភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងថាជនសង្ស័យទាំង២នាក់នោះរួមមាន ១-ឈ្មោះ ប៉ិក សែនសុវណ្ណ ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិអាចារ្យលាក់ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ២-ឈ្មោះ ពេជ្រ រដ្ឋា ភេទ ស្រី អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរឹបអូសវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ១ថង់កឹប ស្មើ ១០១៥.២ក្រាម។
បន្ទាប់ពីសាកសួររួចមក ជនសង្ស័យខាងលើបានសារភាពថា ៖ ១-ឈ្មោះ ប៉ិក សែន សុវណ្ណ ៖ រូបគេបានបញ្ជាទិញគ្រឿងញៀនពីជនជាតិថៃម្នាក់ឈ្មោះ ឈីន ដើម្បីយកទៅចែកចាយបន្ត ដោយណាត់ប្រគល់-ទទួលទំនិញនៅម្តុំស្រះស្ទួចត្រីចំណែក ឈ្មោះ ពេជ្រ រដ្ឋាបានឆ្លើយថា រូបនាងត្រូវបានជនជាតិថៃឈ្មោះ ឈីន ប្រើឲ្យយកតែ ១កញ្ចប់ធំដាក់ក្នុងកាបូបស្ពាយ ទៅប្រគល់ឲ្យជនសង្ស័យខាងលើ ហើយរូបនាងមិនដឹងថា ក្នុងកញ្ចប់នោះជាគ្រឿងញៀននោះទេ ។ ចំណែកជនសង្ស័យឈ្មោះ ឈីន ជាជនជាតិថៃ សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ ។ ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕