ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថាផលិតផលក្នុងស្រុកសរុប បានកើនពីប្រមាណ៣៦៤៩លានដុល្លារ នៅឆ្នាំ២០០០ដល់ប្រមាណ២៤៦០៥លានដុល្លារនៅឆ្នាំ២០១៨ខណៈរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាកំពុងផ្លាស់ប្ដូរពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសដែលពឹងផ្អែកជាសំខាន់លើវិស័យ ឧស្សាហកម្ម និងសេវាកម្មវិញ ។
ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ខួបលើកទី៤០ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩) នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ សម្ដេចតេជោបានមានប្រសាសន៍ថាសេដ្ឋកិច្ចកម្ពុជាសម្រេចបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទន ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ។កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតនៅលំដាប់ទី៦លើពិភពលោក ដោយសម្រេចបានកំណើនជាមធ្យមជាង៧% ក្នុង១ឆ្នាំ តាមរយៈការរីកចម្រើនក្នុងកម្រិតដ៏ខ្ពស់ជាប់មិនដាច់ នៃវិស័យឧស្សាហកម្ម កម្មន្ដសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន ។ ជាលទ្ធផល សេដ្ឋកិច្ចជាតិ បានរីកធំធាត់យ៉ាងឆាប់រហ័ស។
សម្ដេចនាយករដ្ឋមន្ដ្រីអះអាងថា ផ្លូវ ស្ពាន បណ្ដាញអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ដ្រ មន្ទីរពេទ្យ សាលារៀន ត្រូវបានស្ថាបនាច្រើនពាសពេញផ្ទៃប្រទេស ជាពិសេស រោងចក្រ សហគ្រាស កសិដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប អគារខ្ពស់ ត្រូវបានកសាងនិងពង្រឹកកាន់តែច្រើនដែលបានផ្ដល់ការងារជូនប្រជាជនរាប់លាននាក់នៅគ្រប់ទិសទី។ កម្ពុជាក៏ត្រូវបានមជ្ឈដ្ឋានវិនិយោគិនក្នុងស្រុក ក្រៅប្រទេស និងស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិនានាវាយតម្លៃថាជាប្រទេសដែលមានបរិយាកាសល្អសម្រាប់ការវិនិយោគ និងធុរកិច្ច។ កម្ពុជារំពឹងថា នៅតែអាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ក្នុង១ឆ្នាំ និងធានាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំបន្ដទៀត។
សម្ដេចតេជោលើកឡើងទៀតថាជីវភាពរស់នៅរបស់ពលរដ្ឋទូទៅក៏ទទួលបានការកែលម្អកាន់តែប្រសើរឡើងជាលំដាប់។ប្រការនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើនចំណូលមធ្យមសម្រាប់មនុស្សម្នាក់ពីប្រមាណ២៨៨ដុល្លារ នៅឆ្នាំ២០០០ ដល់១៥៦៣ ដុល្លារនៅឆ្នាំ២០១៨។ អត្រានៃភាពក្រីក្រក៏បានធ្លាក់ចុះពីប្រមាណ៥៣,២% នៅឆ្នាំ២០០៤ មកនៅត្រឹមប្រមាណ១៣ ,៥% នៅឆ្នាំ២០១៤ និងត្រូវបានរំពឹងថា បន្ដថយចុះមកនៅក្នុងរង្វង់១០%នាបច្ចុប្បន្ន។កម្ពុជាបានឆ្លងកាត់ដោយជោគជ័យពីប្រទេសមានចំណូលទាបក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបព្រមទាំងកំពុងប្រឹងប្រែងដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសមានខ្ពស់នៅឆ្នាំ២០៥០៕