ទូតចិនថ្មីសន្យាពង្រឹងទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀតដើម្បីផលប្រយោជន៍ប្រជាជាតិទាំងពីរ

0

ភ្នំពេញ​: លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាក្នុងជំនួបជាមួយសម្ដចតេជោ​ហ៊ុន​សែន​បានសន្យានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងថែមទៀត ដើម្បីផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជនប្រទេសទាំងពីរ ជាពិសេសកម្ពុជា ដែលជាមិត្តចាស់ មិត្តល្អ និងមិត្តដែកថែបរបស់ចិន។នេះ​បើ​យោង​តាម​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​តេជោ​ហ៊ុន​សែន​។

ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ ជូនចំពោះលោក Wang Wentian ដែលត្រូវបានរដ្ឋាភិបាលចិន តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។ សម្តេចក៏បានឯកភាពជាមួយនឹងការលើកឡើង របស់លោក Wang Wentian ពាក់ព័ន្ធនឹងទំនាក់ទំនង រវាងកម្ពុជា-ចិន ដោយសម្តេចបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានវិវឌ្ឍន៍ជាច្រើនដំណាក់មកហើយ រហូតមកដល់ពេលបច្ចុប្បុននេះ បានក្លាយជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្លាយជាមិត្តដែកថែបជាមួយគ្នាទៀតផង។

សម្តេចបានលើកទឹកចិត្ត ដល់លោក Wang Wentian ក្នុងការបំពេញបេសកកម្មការទូតរបស់ខ្លួន ធ្វើយ៉ាងណាជំរុញឲ្យទទួលបានជោគជ័យ នូវរាល់គម្រោង ដែលមេដឹកនាំប្រទេសទាំងពីរ បានចុះហត្ថលេខារួមគ្នារួចមកហើយ។ សម្តេចក៏ស្នើឲ្យភាគីចិន បន្តស្វែងរកនូវកិច្ចសហប្រតិបត្តិការ ផ្សេងៗទៀត លើគ្រប់វិស័យ ដើម្បីការរីកចម្រើន នៃប្រទេសទាំងពីរ។ សម្តេចក៏បានជូនពរ ឲ្យលោក Wang Wentian ទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូត នៅកម្ពុជា៕