ភ្នំពេញ៖ក្រោយបញ្ចប់ការចរចារវាងតំណាងក្រុមហ៊ុននិងតំណាងកម្មករក្រោមការសម្របសម្រួលពីមន្រ្តីសាលាក្រុងនៅរសៀលថ្ងៃទី២៧ធ្នូនេះកម្មករបានចូលធ្វេីការវិញជាធម្មតាហេីយខណ:ថៅកែដំឡើងប្រាក់ខែអោយ៩ដុល្លារបន្ថែមក្នុងមួយខែ។
លោក មាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអោយដឹងថាក្រោយមានការសម្របសម្រួលពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងក្រសួងការងារ នៅវេលាម៉ោង១៥ និង២០នាទី ភាគីទាំងពីរបានព្រមព្រៀងគ្នាទាំង៥ចំណុច តែចំពោះលក្ខខណ្ឌចំណុចទី១ ដែលកម្មករទាមទារតម្លើងប្រាក់ខែប្រចាំឆ្នាំចំនួន១២ដុល្លារ ខាងក្រុមហ៊ុនបានយល់ព្រមជូនចំនួន៩ដុល្លារ ដោយចាប់ផ្តើមអនុវត្តន៍ពីខែកុម្ភៈ ឆ្នាំ២០១៩ ឯខាងកម្មករក៏បានឯកភាព។
សូមរំលឹកថាកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី ជាង២ពាន់នាក់ ប្រមូលផ្ដុំគ្នាធ្វើកូដកម្ម នៅការ៉ាសរថយន្តស៊ីនទ្រី ផ្លូវបេតុបឹងតាម៉ាត ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោទាមទារឲ្យក្រុមហ៊ុន ដំឡើងប្រាក់ខែចំនួន១២ដុល្លារបន្ថែម លើប្រាក់ខែគោលរបស់ពួកគាត់៕