ភ្នំពេញ ៖ កម្លាំងការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាលកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ សហការជាមួយសន្តិសុខក្រុមហ៊ុនអូរស្មាច់ រីសត ធ្វើការឃាត់ ខ្លួនជនជាតិចិនចំនួន២នាក់ ពាក់ព័ន្ធករណីលួចទូរសព្ទក្នុងក្រុមហ៊ុនជាង៧០គ្រឿង ខណៈស្រីស្នេហ៍ម្នាក់ដែលទៅជាមួយគ្នាកំពុងរត់គេចខ្លួន។
យោងតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សៀជី សៀង (XIE Jixiang) ភេទប្រុស អាយុ២៤ឆ្នាំ និងឈ្មោះ លី ជាសៀង (Li Xiaxiang) ភេទប្រុស អាយុ ២៧ឆ្នាំ ។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២៥ធ្នូជនសង្ស័យជាជនជាតិចិន២ នាក់រួម និងស្រីស្នេហ៍ជាជនជនជាតិខ្មែរម្នាក់ បានធ្វើដំណើរមកពីខេត្តព្រះសីហនុមកកាន់អូរស្មាច់ បានមកស្នាក់នៅផ្ទះសំណាក់ឆៃណា ហើយក៏បានបន្លំខ្លួនជាបុគ្គលិករបស់ក្រុមហ៊ុនអនឡាញ ចូលទៅក្នុងកាស៊ីណូអូរស្មាច់ រីសត ។ នៅពេលសន្តិសុខសួររកប័ណ្ណសំគាល់ខ្លួន ជនល្មើសឆ្លើយថា ភ្លេចក្នុងបន្ទប់ ។ ហើយក៏ដើរចូលមើលតាមបន្ទប់បុគ្គលិកធ្វើការ ។ លុះដល់ម៉ោង២រំលងអធ្រាត្រ ក៏បានចូលទៅលួចទូរសព្ទនៅបន្ទប់អនឡាញ ដោយទូរសព្ទ័ទាំងនោះក្រោយចប់ម៉ោងធ្វើការ គឺបុគ្គលិកគេបិទរួចទុកនៅតុទាំងអស់សរុប១៤៣គ្រឿង។
តាមចម្លើយសារភាពរបស់ជនសង្ស័យឲ្យដឹងថា នៅពេលលួចបានហើយ គេច្រកចូលថង់ខ្មៅ រួចទៅបោះទុកក្នុងធុងសំរាម ហើយផ្លោះរបងមកផ្ទះសំណាក់វិញ ។ លុះព្រឹកឡើងបានកាន់វ៉ាលីដើរសំដៅទៅកាន់ធុងសំរាម ក៏ត្រូវសន្តិសុខឃើញ ហើយសង្ស័យក៏ឃាត់ខ្លួននិងរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។ ក្រោយធ្វើការស្រាវជ្រាវសាកសួរ សមត្ថកិច្ចបានរកឃើញវត្ថុតាង ទូរសព្ទ័ចំនួន ៧៣គ្រឿង ប្រគល់អោយក្រុមហ៊ុនវិញ ។ ចំណែកស្រីស្នេហ៍ជនជាតិខ្មែរ បានរត់គេចខ្លួន ។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕