ក្រសួងទេសចរណ៍ដាក់ចេញគោលដៅបដិសណ្ឋារកិច្ចល្អត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តការណ៍ស៊ីហ្គេម២០២៣

0

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជាដាក់ចេញគោលដៅបដិសណ្ឋារកិច្ចល្អៗ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ SEA-Game ២០២៣។
ក្នុងពិធីប្រគល់ជ័យលាភីបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍លើកទី១ ឆ្នាំ២០១៨ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ លោកថោង ខុន ក៏បានមានប្រសាសន៍ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងកក់ក្ដៅដល់ភ្ញៀវទេសចរ និងដើម្បីឆ្ពោះទៅព្រឹត្តការណ៍ SEA Game ២០២៣ព្រមទាំងដើម្បីសម្រេចចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ក្នុងការទាក់ទាញទេសចរ៧លាននាក់ក្នុងឆ្នាំ២០២០ និង១៥លាននាក់ ក្នុងឆ្នាំ២០៣០។
តាមការព្យាករណ៍កម្ពុជាអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៧លាននាក់ នៅឆ្នាំ២០២០ ដោយនាំមកនូវចំណូលប្រមាណ ៥ពាន់លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារប្រមាណ ១លាននាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ដោយអាចនាំមកនូវចំណូលសរុបប្រមាណ ១០ពាន់លានដុល្លារអាមេរិក៕