ភ្នំពេញ ៖ បន្ទាប់ពីសមិទ្ឋផលប្រវត្តិសាស្រ្តនៃវិមាន ឈ្នះ-ឈ្នះ ដែលតំណាងឲ្យ នៃការបង្រួបបង្រួមជាតិត្រូវបានកសាងរួចរាល់ជាស្ថាពរ នៅលើទឹកដីសុវណ្ណភូមិ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ដ្រី អំពាវនាវ ឲ្យពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិ ចូលរួមសម្ពោធ វិមានឈ្នះ ឈ្នះ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ (រយៈពេល៣ថ្ងៃ) នៅ មហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋានជាតិអូឡាំពិកថ្មី នៅតំបន់អភិវឌ្ឍន៍ លីយ៉ុងផាត់។
សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ បានសរសេរគេហទំព័រហ្វេសប៊ុកថា “កម្ពុជា អបអរសាទរចំពោះសមិទ្ឋផលប្រវត្តិសាស្រ្តនៃ វិមាន ឈ្នះ ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិ។ វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល”។
សម្ដេចបន្ថែមថា វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេសដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។
សូមរំលឹកថាវិមានឈ្នះ ឈ្នះមានកម្ពស់ប្រមាណ ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ ត្រូវបានសាងសង់លើ ផ្ទៃដីសរុបចំនួន ៨ហិកតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានចារឹកទៅដោយសកម្មភាព តស៊ូរបស់ឥស្សរជនជាន់ខ្ពស់ នៃគណបក្សប្រជាជនកម្ពុជា ជាពិសេសចរឹកទៅដោយ សកម្មភាពតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន៕