លោក យន្ត មីន ថាខេត្តព្រះសីហនុស្វាគមន៍ជានិច្ចចំពោះវិយោគិនបរទេស

0

ភ្នំពេញ៖លោក យន្ត មីន អភិបាលខេត្តសីហនុ បានលើកឡើងថា រដ្ឋបាលខេត្តស្វាគមន៍ចំពោះវិនិយោគិនមកពីប្រទេសចិន ថៃ រុស្ស៊ី អាម៉េរិក អ៊ីតាលី និងបណ្តាប្រទេសផ្សេងៗទៀតដែលចង់មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ។នេះបើយោងតាមគេហទំព័ររបស់ក្រសួងព័ត៌មាន។
លោកអភិបាលខេត្តបានលើកឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពេលចុះពិនិត្យទីតាំង រៀបចំបុណ្យឆ្លងឆ្នាំសកលនៅ ឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុថា អ្នកវិនិយោគ និងជនជាតិចិនមកខេត្តព្រះសីហនុ នាំមកនូវកំណើនសេដ្ឋកិច្ចសង្គមប្រមាណ ៩០ ទៅ ៩៥ភាគរយ។ បច្ចុប្បន្ន ចិនមកខេត្តព្រះ សីហនុមាន ៤ប្រភេទគឺ ទី១. ជាអ្នកវិនិយោគ (ថៅកែ), ទី២. អ្នកបច្ចេកទេស (វិស្វករ), ទី៣. កម្មករ និងទី៤ អ្នកទេសចរ។

លោក យន្ត មីន បានបញ្ជាក់ថា រយៈពេលពីរឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុត្រូវ បាន និងកំពុងអភិវឌ្ឍន៍យ៉ាងគំហុក មានសំណង់ខុនដូរ សណ្ឋាគារលំដាប់ផ្កាយ៣ ផ្កាយ៥ ធ្វើឱ្យមានផលប៉ះពាល់ផ្នែកបរិស្ថាន អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ទន្ទឹមនោះ រដ្ឋបាលខេត្តក៏បានស្នើសុំទៅក្រសួងមហាផ្ទៃ ផ្តល់ក្រុមការងារបច្ចេកទេស ក្រុមការងារ រដ្ឋបាល និងក៏មានក្រសួងពាក់ព័ន្ធមួយចំនួនបានចូលរួមផងដែរ។
លោកបន្តថា រដ្ឋបាលខេត្ត ក៏ដូចរាជរដ្ឋាភិបាលកំពុងតែកៀរគរអ្នកវិនិយោគ មកពីក្រៅប្រទេសដោយមិនប្រកាន់ក្រុម ជនជាតិ ឬប្រទេសណានោះទេ គឺប្រទេសណាជនជាតិណាដែលមានចេតនាមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ពិសេសមក វិនិយោគនៅខេត្តព្រះសីហនុ យើងទទួលស្វាគមន៍ ក៏ប៉ុន្តែអ្នកវិនិយោគ ត្រូវតែគោរពច្បាប់ របស់កម្ពុជា ដូចប្រជាពលរដ្ឋ និងអ្នកវិនិយោគក្នុងស្រុកដែរ។

លោកយន្ត មីន បញ្ជាក់ថា រដ្ឋបាលខេត្តមានគោលនយោបាយទន់ភ្លន់ ក្នុងការផ្សព្វ ផ្សាយអប់រំ ណែនាំដល់អ្នកវិនិយោគទាំងអស់ដោយស្មើភាព ដោយពង្រឹងកិច្ចការរដ្ឋបាល ច្បាប់ជាស្នូល ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ដ៏សម្បូរបែបបង្កើនជីវភាពប្រជាពលរដ្ឋ និងជួយកាត់បន្ថយភាពក្រីក្រ៕