ភ្នំពេញ៖សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនឃាតករអាកសម្លាប់ស្ត្រីចំណាស់ម្នាក់ក្នុងថ្លុកឈាមយ៉ាងព្រៃផ្សៃនៅភូមិឫស្សី លៀប ឃុំសំយ៉ោង ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ។
ប្រតិបត្តិការតាមវែកមុខជនសង្ស័យនេះធ្វើឡើងកាលពីថ្ងៃទី២២ ខែធ្នូក្រោយពីនគរបាល បានទទួលព័ត៌មានពីប្រជាពលរដ្ឋថានៅភូមិឫស្សីលៀប ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ មានមនុស្សស្លាប់ម្នាក់ឈ្មោះ ចាប ប៉ាក ស្រី អាយុ ៦៣ឆ្នាំ មុខរបរនៅផ្ទះ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ទូច នួច បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពដោយយកកាំបិតអាកសម្លាប់ជនរងគ្រោះតែពុំបានយកទ្រព្យសម្បត្តិអ្វីទេ ព្រោះយប់ងងឹតពេក។ រីឯកាំបិតដែលធ្វើសកម្មភាពនោះ ខ្លួនយកទៅបោះចោលនៅក្នុងទឹកស្រះក្រោយផ្ទះរបស់ខ្លួន។ជនល្មើសបានឲ្យដឹងថាមូលហេតុដែលនាំអោយសម្លាប់ស្ត្រីខាងលើដោយសារខ្លួនខឹងនឹងឈ្មោះ ចាប ប៉ាក ជេរដៀលខ្លួនកន្លងមក។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕