ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជ្រៅសហការជាមួយកម្លាំងជំនាញ ពេទ្យសត្វខេត្ត ឃាត់រថយន្តមួយគ្រឿងម៉ាកកាម៉ារី ពណ៌ខ្មៅពាក់ស្លាកលេខ ភ.ព 2A-7918 ចំណុចផ្លូវជាតិលេខ៥ មុខធនាគារអេស៊ីលីដា ស្ថិតនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ដែលសង្ស័យថា លួចនាំចូលនូវស្លាបមាន់ និងប្រហិតខូចគុណភាពជិត១តោនមកពីប្រទេសថៃ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។
លោកសែស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិស្ទាក់ចាប់រថយន្តនេះ សមត្ថកិច្ចបានត្រួតពិនិត្យឆែកឆេររកឃើញមាន ដឹកស្លាបមាន់ចំនួន១០កេសនិងប្រហិត៩៣០គីឡូក្រាម ដែលឈ្មួ្ញញបានលួចតាមច្រករបៀងក្នុងភូមិសាស្ត្រនៃក្រុងប៉ោយប៉ែត។ ក្នុងនោះឃាត់ខ្លួនមនុស្សចំនួន២នាក់ ដែលជាម្ចាស់ទំនិញនិងម្ចាស់រថយន្ត មានឈ្មោះ វេង វ៉ាត ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះសៅ ណារិន ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំងពីររស់ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕