ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថាក្នុងរយៈពេលប៉ុន្មានខែនេះមានជនល្មើសមួយក្រុមធ្វើសកម្មភាពលួចចូលទៅកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋអស់ជាង២០ហិកតានៅចំណុចចន្លោះព្រំប្រទល់ក្បាលឆាយ តំបន់ព្រែកទឹកសាប និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុហើយបានសង់ខ្ទមអនាធិបតេយ្យជាច្រើនខ្នង ធ្វើរបង ដាំដំណាំ និងធ្វើសកម្មភាពទិញ លក់ ជាបន្តបន្ទាប់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ធ្នូ បានបញ្ជក់ថា”ដើម្បីការពារនិងទប់ស្កាត់អំពើអនាធិបតេយ្យនេះ រដ្ឋបាលខេត្តបានសម្រេចចាត់ក្រុមការងារចម្រុះទៅរុះរើខ្ទមទាំងនោះចេញព្រោះថាតំបន់នេះមានសារសំខាន់ជាប្រភពទឹកស្អាត សម្រាប់ផ្គត់ផ្គង់ក្រុងព្រះសីហនុទាំងមូល និងចាំបាច់ត្រូវដាំដើមឈើឡើងវិញ”។
ដ្ឋបាលខេត្តបញ្ជាក់ជំហរយ៉ាងមុតមាំថាដាច់ខាតត្រូវការពារតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយនិងតំបន់ទ្រនាប់ឲ្យបានគង់វង្សដើម្បីទុកជាប្រយោជន៍រួម ហើយចាត់វិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ក្រុមអនាធិបតេយ្យ និងវែកមុខមេក្លោងដែលញុះញង់ឲ្យមានការរំលោភបំពានទន្ទ្រានកាន់កាប់ដីរដ្ឋ និងកាប់បំផ្លាញព្រៃឈើដែលជាសម្បត្តិរដ្ឋរួចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕