ភ្នំពេញ៖វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាបានលើកឡើងថាព័ត៌មានក្លែងក្លាយ បាននិងកំពុងបំពុលបរិយាកាសយ៉ាងខ្លាំងដល់សង្គមជាតិនិងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ជំនឿរបស់មហាជនទៅលើសារព័ត៌មានអាជីព ។
យោងតាមសេចក្តីថ្លែងការណ៍របស់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៥ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រោយកិច្ចពិភាក្សារវាងនិពន្ធនាយកមកពីស្ថាប័នព័ត៌មានច្រើន បានពិភាក្សាគ្នាលើប្រធានបទ “ពង្រឹងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ” នៅភោជនីយដ្ឋានទន្លេបាសាក់២ ដោយបានជជែកយ៉ាងផុសផុល ព្រោះប្រធានបទនេះ ក្តៅគគុក មិនត្រឹមតែសម្រាប់កម្ពុជាទេប៉ុន្តែក៏ជាប្រធានបទក្តៅសម្រាប់ពិភពលោកទាំងមូលផងដែរ។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា “ព័ត៌មានក្លែងក្លាយកំពុងបង្កបរិយាកាសអាប់ អួរយ៉ាងខ្លាំងដល់សង្គមហើយដែលបានធ្វើឲ្យប៉ះពាល់ដល់ជំនឿរបស់មហាជនទៅលើសារព័ត៌មានអាជីព” ៕