ស្លាប់ទៀត! មន្ទីរសម្រាកព្យាបាលយីហោ សោភ័ណអូវ៉ាងនៅបាវិតដែលគ្មានច្បាប់អនុញ្ញាតចាក់ថ្នាំបណ្ដាលឲ្យអ្នកជំងឺស្លាប់

0

ភ្នំពេញ៖មន្ទីរសម្រាកព្យាបាលយីហោ សោភ័ណអូវ៉ាង នៅក្រុងបាវិត ត្រូវបានលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធចុះបិទនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ក្រោយមន្ទីរសម្រាកព្យាបាលមួយនេះពិនិត្យព្យាបាលដោយអត់ច្បាប់អនុញ្ញាតនិងចាក់ថ្នាំបណ្ដាលឲ្យអ្នកជំងឺម្នាក់ស្លាប់។

យោងតាមមន្ត្រីលេខាធិការដ្ឋានម្នាក់ បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨មន្ទីរសុខាភិបាលខេត្តស្វាយរៀងបានអញ្ជើញម្ចាស់សេវាមន្ទីរសម្រាកព្យាបាល សោភ័ណអូវ៉ាង ដែលបើកពិនិត្យព្យាបាលអត់ច្បាប់អនុញ្ញាត មកបំភ្លឺ បង់ប្រាក់ផាកពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់ការផ្តល់សេវាសិនរហូតដល់មានការអនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាល ម្តងរួចមកហើយ។ ប៉ុន្តែម្ចាស់សេវាខុសច្បាប់មួយនេះ មិនព្រមមកបង់ប្រាក់ពិន័យ ហើយនៅតែបន្តការផ្តល់សេវា ដោយមិនខ្លាចញញើតនឹងច្បាប់បន្តិចសោះឡើយ ។

ប្រភពបន្តថា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ មន្ទីរសុខាភិបាលខេត្តបានចេញលិខិតអញ្ជើញមួយទៀត អញ្ជើញម្ចាស់សេវាខុសច្បាប់មួយនេះ មកបង់ប្រាក់ពិន័យ និងទទួលការណែនាំជាលើកចុងក្រោយក្នុងការស្នើសុំច្បាប់បើកសេវាឯកជនមួយនេះទៅក្រសួងសុខាភិបាល និងបញ្ឈប់ការផ្តល់សេវាមួយរយៈសិន រហូតដល់មានការអនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាល ។

ប៉ុន្តែទោះបីជាបានធ្វើកិច្ចសន្យា ចំនួន ២ដង រួចមកហើយក្តី ក៏មន្ទីរសម្រាកព្យាបាល សោភ័ណអូវ៉ាង នៅតែមិនព្រមបញ្ឈប់ការផ្តល់សេវារបស់ខ្លួនទេ ថែមទាំងទទួលព្យាបាលជំងឺធ្ងន់ៗ និងបង្កឲ្យមានអ្នកជំងឺម្នាក់ឈ្មោះ គឹម ធារ៉ា ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ស្លាប់កាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៨៕