ភ្នំពេញ៖ជញ្ជីងយុត្តិធម៌ចំនួន២ ត្រូវបានដាក់ឲ្យដំណើរការនៅផ្សារចំការគរ(ផ្សារថ្មី) និងផ្សារសិរីសោភ័ណ ដើម្បីបង្ហាញពីភាពស្មោះត្រង់ ចំពោះគ្នាទៅវិញទៅមករវាងអ្នកលក់ និងអ្នកទិញ ព្រមទាំងជួយរកយុត្តិធម៌ឲ្យបងប្អូនដែលមានការសង្ស័យ ថារបស់របរ ដែលបានទិញពីផ្សារមិនគ្រប់ចំនួនគីឡូ។
លោក នាង ហាវ អភិបាលរងក្រុងសិរីសោភ័ណ បានឲ្យដឹងថា ដើម្បីភាពស្មោះត្រង់ចំពោះអ្នកលក់ និងអ្នកទិញ ប្រកបដោយភាពសុក្រិត និងយុត្តិធម៌ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម តាមរយៈមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីរដ្ឋបាលក្រុង បានយកជញ្ជីងទៅ២ ខាងលើទៅដាក់នៅផ្សារគោលដៅចំនួន២ មានផ្សារចំការគ និងផ្សារសិរីសោភ័ណ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលបានទិញបន្លែ ត្រី សាច់បើមានការសង្ស័យថាមិនគ្រប់គីឡូ គឺបងប្អូនអាចយកទៅថ្លឹងនៅជញ្ជីងយុត្តិធម៌ ដើម្បីរកភាពមិនប្រក្រតី បើសិនឃើញថាមិនគ្រប់ចំនួនគីឡូ បងប្អូនអាចទៅធ្វើការតវ៉ាជាមួយនឹងអ្នកលក់វិញ ។ហើយ ការថ្លឹងនៅជញ្ជីងយុត្តិធម៌ គឺមិនមានការគិតថវិកានោះទេ ហើយក៏មានកងកម្លាំងនគរបាល ក៏ដូចជាប្រជាការពារនៅទីនោះដើម្បីពិនិត្យជាប្រចាំផងដែរ៕