ថ្ងៃសម្ពោធវិមានឈ្នះឈ្នះ! រំពឹងថានឹងមានមហាជនជាង៣ម៉ឺននាក់ចូលរួមកម្សាន្តសប្បាយ

0

ភ្នំពេញ៖ ស្របពេលពិធីសម្ពោធវិមានឈ្នះ​ ឈ្នះ កាន់តែខិតជិតមកដល់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានបង្ហាញក្ដីរំពឹងទុកជាមុនថានឹងមានមហាជនចូលរួមជាង៣ម៉ឺននាក់ចូលរួមកម្សាន្តសប្បាយ។

សូមជម្រាថាពិធីសម្ពោធវិមានឈ្នះ ឈ្នះនឹងធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩-៣១ខែធ្នូ ដោយមានការតាំងពិព័រណ៍ យោធា ពិព័រណ៍ទេសចរណ៍ ពិព័រណ៍ពាណិជ្ជកម្ម ពិព័រណ៍ម្ហូបអាហារ ពិព័រណ៍ផលិតផល តាមរាជធានី\ខេត្ត សកម្មភាពកីឡា ការសម្ដែងសិល្បៈវប្បធម៌ ការប្រគំតន្ត្រីជាដើម។

ក្នុងសន្និសីទសារព័ត៌មានក្រោយដឹកនាំក្រុមការងារចុះពិនិត្យការសាសង់វិមាន ឈ្នះឈ្នះនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សម្តេច ទៀ បាញ់ បានថ្លែងបន្ថែមថា បន្ទាប់សម្ពោធដាក់ឲ្យដំណើរ វិមានឈ្នះ ឈ្នះ នឹងបើកឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាស្វែងយល់ ខណៈដែលវិមានឈ្នះ ឈ្នះ នេះជាកន្លែងស្តុកទុកឯកសារស្នាដៃនៃការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ។
សូមរំលឹកថា វិមានឈ្នះ ឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើផ្ទៃដីទំហំដី៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយ ចង្វារ រាជធានីភ្នំពេញ៕