ភ្នំពេញ៖ស្របពេលដែលរាជរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយពង្រីកបណ្ដាញអគ្គិសនីឲ្យគ្រប់ដណ្ដប់គ្រប់ភូមិទូទាំងប្រទេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាលើកឡើងនៅចំពោះមុខឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថា កម្ពុជាកំពុងត្រូវការជំនួយពីមិត្តប្រទេសចិនយ៉ាងគំហុកដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ផ្នែកអគ្គិសនីនិងតម្រូវការផ្សេងៗជាច្រើនទៀត។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា នាពេលខាងមុខ សម្តេចនឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងនោះក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនផងដែរ។
សម្តេចតេជោសង្កត់ធ្ងន់ថា “សូមជម្រាបឯកឧត្តមអគ្គរដ្ឋទូតថ្មីផងថាទស្សនកិច្ចរបស់ខ្ញុំនៅពេលខាងមុខការចរចាក៏នឹងផ្តោតទៅលើការស្នើសុំឥណទានយ៉ាងគំហុកមួយ ដើម្បីតបណ្តាញអគ្គិសនីសម្រាប់កម្ពុជា”៕