ផ្លូវជាតិលេខ៧១សេ បាន និងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។

ក្នុងឱកាសនោះ សម្តេចធិបតី បានមានប្រសាសន៍ថា៖ “ផ្លូវនេះបាននិងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនងសកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា។

ជាងនេះទៀត ផ្លូវនេះ និងស្ពានមិត្តភាពកម្ពុជា-ចិន ដែលបានសាងសង់រួច ពិតជាបានតភ្ជាប់នូវក្តីសង្ឃឹមសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅកុះករក្នុងតំបន់នេះ ជាពិសេស ភាពសុខដុមនីយកម្មខាងជំនឿសាសនា រវាងអ្នកកាន់សាសនាព្រះពុទ្ធ និងសហគមន៍សាសនិក ឥស្លាមកម្ពុជាឱ្យកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំថែមទៀត តាមរយៈការប្រាស្រ័យ និងទំនាក់ទំនង ពាណិជ្ជកម្មរួមគ្នាទៅវិញទៅមក។​

គម្រោងផ្លូវជាតិលេខ៧១សេ ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម មានប្រវែងសរុបជិត ១១៥គីឡូម៉ែត្រចំណាយថវិកាប្រមាណ ១៣០លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន៕