សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តមួយមិនអាចខ្វះបានរបស់កម្ពុជា ដែលជួយគាំទ្រដល់ការអភិវឌ្ឍរីកចម្រើន ផ្នែកសេដ្ឋកិច្ចសង្គម នៅទូទាំងប្រទេស ដោយទទួលស្គាល់ ជាដៃគូលំដាប់ទី១ ដែលបាននិងកំពុងផ្តល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងជាច្រើន ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននៅកម្ពុជា។
ឆ្លៀតក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១សេ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅ ចំណុចប្រសព្វផ្លូវជាតិលេខ៧១ ត្រង់គីឡូម៉ែត្រលេខ៣០+៤០០ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមឥណទានសហប្រតិបត្តិការ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ មិត្តចិន តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ទៅកាន់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ និងស្ពាន ដែលជាសមិទ្ធផលធំៗដល់កម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន សម្បទាន និងជំនួយឥតសំណង។
ការជួយពីសំណាក់សាធារណរដ្ឋប្រជាមានិតចិននេះហើយ ទើបបានជាកម្ពុជា មានផ្លូវក្រវាត់ក្រុងទី៣ ដែលបានប្រសិទ្ធនាមឈ្មោះ ប្រធានាធិបតីចិន ឯកឧត្តម Xi Jinping ថាជាមហាវិថី Xi Jinping និងបានសម្ពោធដាក់ឱ្យប្រើប្រាស់កន្លងទៅ ។ ក្នុងនោះសម្តេចធិបតី ក៏បានគូសបញ្ជាក់ នូវការដាក់ឈ្មោះមហាវិថី Xi Jinping ដែលជាឈ្មោះរបស់ប្រធានាធិបតីចិន គឺដើម្បីបង្ហាញនូវការទទួលស្គាល់ និងការចូលរួមរបស់ឯកឧត្តមប្រធានាធិបតី នៅក្នុងការជួយទៅដល់សេដ្ឋកិច្ចកម្ពុជា ខណៈដែលការដាក់ឈ្មោះថ្នាក់ដឹកនាំ គឺជាការថ្លែងអំណរគុណ ។
សម្តេចធិបតី មានប្រសាសន៍ថា «ជាការពិតណាស់ សាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តមួយមិនអាចខ្វះបានរបស់កម្ពុជា ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គម នៅទូទាំងប្រទេស ហើយក្នុងនោះមិត្តចិន ក៏ត្រូវបានទទួលស្គាល់ជាប្រទេសដៃគូលំដាប់ទី១ ដែលបាននិងកំពុងផ្តល់ហិរញ្ញប្បទាន សម្បទាន និងជំនួយឥតសំណងជាច្រើន ជាបន្តបន្ទាប់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននៅកម្ពុជា ដែលគិតមកដល់បច្ចុប្បន្ន គឺមានទឹកប្រាក់សរុបជាង៣ពាន់លានដុល្លារ សម្រាប់គាំទ្រ និងការលើកកម្ពស់គុណភាពផ្លូវថ្នល់ និងការតភ្ជាប់ប្រទាក់ក្រឡានៅទូទាំងប្រទេស និងនៅក្នុងតំបន់»។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ ទំនាក់ទំនងការទូតកម្ពុជា-ចិន មានទំនាក់ទំនង៦៧ឆ្នាំ ដែលបានចាប់ផ្តើម ពីថ្ងៃទី១៩ កក្តដា ឆ្នាំ១៩៥៨ ហើយទំនាក់ទំនងកម្ពុជា-ចិន បានបន្តមានភាពល្អប្រសើរឡើង និងត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ឈានដល់ចំណុចយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងមានកិច្ចសហប្រតិបត្តិការត្បូងពេជ្រថែមទៀត៕