រាជធានី ខេត្ត ទូទាំងប្រទេស ត្រៀមរៀបចំទទួលអំណរឆ្នាំថ្មី ប្រកបដោយបរិយាកាសសប្បាយរីករាយ ជាលក្ខណៈមហាគ្រួសារខ្មែរ

0

​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ​នឹង​ចូលមក​ដល់ ហើយយើងសង្កេតឃើញថា​នៅតាម​បណ្ដា​រាជធានី ខេត្ត​​បានរៀបចំ​តុបតែង លម្អ​នៅតាម​ដងផ្លូវ សួនច្បារ ដងស្ទឹង ដោយមាន​បំពាក់​អំពូល​ភ្លើង​ចម្រុះ​ពណ៌ អមដោយទង់​ជាតិ ទង់សាសនា ទង់ជ្វាលា ផ្កា និង​រូប​សត្វ​ពស់​តំណាងឱ្យ​ទេវតា​ឆ្នាំម្សាញ់ យ៉ាង​ស្រស់ស្អាត ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ក៏ដូចជា​ទាក់ទាញ​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ ដែល​ធ្វើដំណើរ​ទៅកម្សាន្ត​នៅតាម​តំបន់​វប្បធម៌ តំបន់ឆ្នេរ តំបន់​អេកូ​ទេសចរណ៍ និង​តំបន់ផ្សេងៗ​ទៀត ​ប្រកបដោយ​ភាពសប្បាយ​រីករាយអំណរ​ឆ្នាំ​ថ្មី ក្រោម​ម្លប់​នៃ​សុខសន្តិភាព។

ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ គឺជាពិធីបុណ្យ​ប្រពៃណី​មួយដែល​បណ្ដុះ​ស្មារតីស្រលាញ់រាប់អាន​គ្នា​រវាង​អ្នកស្រុក​ព្រៀងលាន ជា​កត្ដា​បង្កើត​សាមគ្គីភាព​ជាតិ។ ហេតុនេះ​ហើយទើប​នៅ​ពេល​នោះគេ​មិន​ត្រឹមតែ​ជួបជុំ​គ្នា​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​គេ​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​នៅ​វត្ដ​អារាម​ទៀត ដែល​ជា​មជ្ឈមណ្ឌល​បង្កើត​សាមគ្គីភាព។ ដោយសារ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី មាន​អត្ថន័យ​ធំធេង​យ៉ាងនេះ​ហើយទើប​ខែ្ម​រ​យើងរក្សាកេរដំណែល និងប្រារព្ធពិធីបុណ្យនេះទុកជា​ប្រពៃណី​ជាតិ​មួយតាំងពី​ដើម​រហូត​មក។

​លោក ស្រី សុភ័ក អភិបាលរង​ខេត្តកំពង់ចាម ​បាន​មានប្រសាសន៍ថា ខេត្តកំពង់ចាម​នឹង​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ទ្រង់ទ្រាយ​ធំ​ជាង​មុន​រយៈពេល​បី​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​១៤ ១៥ ​និង​១៦ ខែមេសា ឆ្នាំ​២០២៥​ ខាងមុខនេះ​ដោយ​រដ្ឋបាលខេត្ត​បាន​ចាប់​ដៃគូ​ជាមួយ​វិស័យ​ឯកជនក្នុង​ការរៀបចំ​កម្មវិធី​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ល្អ ​និង​មាន​មនុស្ស​មកលេង​កាន់តែច្រើន ។

​លោក​អភិបាលរង​ខេត្ត​ បាន​បន្ថែមថា កម្មវិធី​សង្ក្រាន្ត​នៅ​ក្រុង​កំពង់ចាម​ នឹងមាន​ទិដ្ឋភាព​ល្អ​ប្លែក​ជាង​រាល់ដង​ដោយនៅ​ថ្ងៃទី​១ មាន​ពិធី​សែន​ទទួល​ទេវតា និង​ពិធី​ប្រកាសបើក​ព្រឹត្តិការណ៍​សង្ក្រាន្ត ​ព្រមទាំង​មានការ​រៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​មួយចំនួនទៀត ​ដើម្បី​បង្ក​ការកម្សាន្ត​សប្បាយជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ ក្នុងនោះរួមមាន​ព្រឹត្តិការណ៍​ប្រដាល់គុន​ខ្មែរ​លំដាប់​ប្រទេស ការប្រគំ​តន្ត្រី​ខ្នាត​ធំ ការ​រាំលេង​កម្សាន្ត និង​មាន​ល្បែង និងរបាំ​ប្រជាប្រិយ ប្រពៃណី​ខ្មែរ​ទាំងថ្ងៃទាំងយប់។ លើសពីនេះ​ក៏មាន​ការតាំងពិ​ព័រណ៍ភូមិ​មួយ​ផលិតផល​មួយរយៈ​ពេល ៣ថ្ងៃ​ ហើយ​ក៏មាន​ពិធី​ស្រង់​ព្រះផងដែរ។ ដោយឡែក នៅតាម​បណ្ដា​ស្រុក​ទាំង ៩ ផ្សេងទៀត​​ និងនៅតាម​រមណីយដ្ឋាននានាក៏នឹងមាន​រៀបចំសង្ក្រាន្ត​ផង​ដែរ​។

​ចំពោះ​ កំពង់ស្ពឺសង្ក្រាន្តវិញ នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នៅបរិវេណវិមានឯករាជ្យ ទីរួមខេត្ត ដោយការលេងល្បែងប្រជាប្រិយ ការប្រឡងចម្រៀង ការប្រគំតន្ត្រីខ្នាតយក្ស ពិធីស្រង់ព្រះ ពិធីទទួលទេវតាឆ្នាំថ្មី និងការបាញ់កាំជ្រួច។

លោក រស់ សុខ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​ បានមានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ រដ្ឋបាលខេត្ត​បានរៀបចំ​លម្អ​ភ្លើ​ង​ពណ៌​តាម​តំបន់​សំខាន់ៗក្នុង​ខេត្ត ​ដើម្បីអបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរឱ្យមក​កម្សាន្ត​សប្បាយក្នុង​ខេត្តកំពង់ស្ពឺ ឱ្យបាន​កាន់តែច្រើន​បន្ថែ​ម​ទៀត។

ទន្ទឹមនេះ​មន្ទីរទេសចរណ៍ខេត្ត​ក៏បាន​ចុះ​ពង្រឹងគុណភាព​សេវាកម្ម និង​ផលិតផល​ទេសចរណ៍ តាម​គោលដៅ​ធំៗ​ ជាពិសេស​បាន​រម្លឹក​ពី​ការរក្សា​គុណភាព​ផលិតផល ថែរក្សា​បរិស្ថាន អនាម័យ និង​រក្សា​តម្លៃ​ផលិតផល​សេវាកម្មឱ្យបាន​សមរម្យ និង​ចុះ​ត្រួតពិនិត្យ​លើបញ្ហា​តម្លៃ​ម្ហូបអាហារ​ ក៏ដូចជា​សេវាស្នាក់នៅ​​ជាដើម។ លោកបាន​បន្តថា ​ជាការ​ពិត​ការឡើង​ថ្លៃ​តិចតួច តែងតែ​មាន តែ​មិនត្រូវ​ធ្វើឱ្យប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ទេសចរនោះទេ។​

​ចំណែកខេត្តប៉ៃលិនវិញ បានតុបតែងខ្លួនយ៉ាងល្អឆើត ​សម្រាប់សង្រ្កាន្តរយៈពេល៣ថ្ងៃផងដែរ។ បើតាមលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​ប៉ៃលិន នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ខាង​មុននេះ រដ្ឋបាលខេត្ត​បានគ្រោង​រៀបចំ​សង្ក្រាន្ត​ប៉ៃលិន ឱ្យបាន​អធិក​អាធ​ម​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូលរួម​លេង​កម្សាន្ត​សប្បាយ ដោយមាន​កម្មវិធី​ជាច្រើន​រួមមាន​៖ កម្មវិធី​តាមបែប​សាសនា ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ការប្រគំតន្ត្រី​ខ្នាត​ធំ និង​ការ​ដាក់តាំង​ពិ​ព័រ​ណ៍​ផលិតផល​នៅតាម​ទីតាំងសំខាន់ៗ​មួយចំនួន​ក្នុង​ខេត្ត សំដៅ​ធ្វើយ៉ាងណា​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​មហាជន​ទាំង​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត មកលេងកម្សាន្ត​​ឱ្យបាន​ច្រើន​កុះករ​។​

​លោកជំទាវ បាន ស្រីមុំ បន្តថា​ដើម្បី​បង្កើន​បរិយាកាស​សប្បាយរីករាយ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត ​រដ្ឋបាលខេត្ត​ រដ្ឋបាល​ក្រុង​/​ស្រុក មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​កងកម្លាំង​ទាំង ​៣​ប្រភេទ​បានសហការគ្នាជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ធ្វើ​ការតុបតែងលម្អ​ភ្លើងពណ៌​នៅតាម​សួនច្បារ​ តាម​អង្គភាព និង​ទីសាធារណៈ​ឱ្យមាន​សោ​ភ​ណភាព ហើយ​នៅ​គ្រប់​វត្ត​អារាម ​និង​តំបន់​ទេសចរណ៍​ផ្សេងៗ​ត្រូវ​រៀបចំ​កន្លែង និង​ទីធ្លា​ឱ្យបាន​ស្អាតដូចជា​៖ រមណីយដ្ឋាន​បេតិក​ភ​ណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត រមណីយដ្ឋាន​ធម្មជាតិទឹកធ្លាក់ ភ្នំ​ខៀវ អូរ​តា​វ៉ៅ បរិវេណ​វិមានឯករាជ្យ​ខេត្ត និង​ដងស្ទឹង​ប៉ៃលិន។​

ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ផូរផង់​ របស់ប្រជាពលរដ្ឋក្នុងខេត្ត រដ្ឋបាល​ខេត្តបាត់ដំបង បានរៀបចំ​កម្មវិធី​សិល្បៈ ការលេង​ល្បែង​ប្រជាប្រិយ​ផ្សេងៗ ដើម្បីបង្ហាញ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិឱ្យ​ស្គាល់ ពី​ទំនៀមទម្លាប់​នៃ​ការរស់នៅ​ ក៏ដូចជាសក្តានុពល​នានា​របស់​ខេត្តបាត់ដំបង តាមរយៈ​ការរៀបចំ​ដាក់តាំង​បង្ហាញ​នូវ​ផលិតផល​តាម​បណ្តា​ក្រុង-ស្រុក​ទាំង​១៤ ការតាំង​បង្ហាញ​មុខម្ហូបអ្នកបាត់ដំបង ដូចជា ​ខ្ទះ​យក្ស ក្រូច​យក្ស ទុរេន​យក្ស ណែម​យក្ស ព្រមទាំង​មាន​តំបន់​ត្រជាក់ចិត្ត តំបន់​ពាងទឹក សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មកលេង​ទឹក​កម្សាន្ត ដោយ​ចៀសវាង​ការ​គប់​ទឹក ប៉ាត​ម្សៅតាម​ដងផ្លូវ ដែល​អាច​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ជាយថាហេតុ​។​

​ជាមួយគ្នានេះ នៅពេល​រាត្រី​មាន​ការអុជកាំជ្រួច​រយៈពេល​ចំនួន​៣​ថ្ងៃ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏មាន​ការប្រគុំ​តន្ត្រី ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ព្រមទាំង​មានការ​រៀបចំ​តុបតែង​លម្អ​ភ្លើងពណ៌​ នៅតាម​ទីតាំង​សំខាន់ៗ​នានា​ក្នុង​ក្រុង​បាត់ដំបង ដើម្បី​ត្រៀម​ស្វាគមន៍​បងប្អូន​ប្រជាពលរដ្ឋ​មក​ផ្តិត​យក​រូបភាព​ដ៏​ស្រស់ត្រកាល​នេះ​ផងដែរ​។​

​ខេត្តបន្ទាយមានជ័យ​ ក៏​នឹង​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មីផងដែរ នៅ​សួន​តេ​ជោឈ្នះឈ្នះ ក្រុង​សិរីសោភ័ណ​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ព្រមទាំង​បានចេញ​សេចក្តីណែនាំ​មួយចំនួន​ក្នុងនោះ រដ្ឋបាលខេត្ត ណែ​នាំឱ្យ​សមត្ថកិច្ច​ត្រូវ​ចាត់​កម្លាំង​ការពារ ២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ធានា​ពី​សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងឱកាស​នោះ​។​

​ដោយឡែក​នៅ​រាជធានី​ភ្នំពេញវិញ ​ដែលជា​បេះដូងនៃព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ​ព្រឹត្តិការណ៍ សង្ក្រាន្ត​វត្តភ្នំ នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ​ រយៈពេល ០៣​ថ្ងៃ (១៤​ ដល់ ១៦ មេសា) ចាប់ពីម៉ោង៨:០០​នាទី​ព្រឹក​ ដល់​ម៉ោង ២០:០០​នាទី​យប់​។​

​ព្រឹត្តិការណ៍ជាច្រើននៃសង្ក្រាន្តវត្តភ្នំ មានដូចជា ព្រឹត្តិការណ៍បែប​ប្រពៃណីជាតិ ​និង​កម្មវិធី​កម្សាន្ត​សប្បាយ​ជាច្រើន​ដូចជា ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដង្ហែ​ព្រះ​ពុទ្ធរូប ពូន​ភ្នំ​ខ្សាច់ ស្រង់​ព្រះ សម្ដែង​សិល្បៈ​របាំ​ប្រពៃណី​លេងល្បែង​ប្រជាប្រិយ​ ប្រគំ​តន្ត្រីបុរាណ​-​សម័យ រាំលេង​កម្សាន្ត ការតាំង​បង្ហាញ​ម្កុដ​អប្សរា​-​ពិណ​ខ្នាត​ធំ និង​ការតាំង​បង្ហាញ​ផលិតផល​ខ្មែរ​។​

​ជាមួយគ្នានេះ​ដើម្បី​ផ្ដល់​ភាពសប្បាយ​រីករាយ​បន្ថែមទៀត ​និង​ជាការ​ថ្លែងអំណរគុណ​ដ​ល់បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​សាទរ​គាំទ្រ​ដំណើរការ​ផ្លូវ​ថ្មើរជើង (Walk Street) រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ដំណើរការ​ផ្លូវ​ថ្មើរជើង រយៈពេល​០៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២ ដល់១៦ ខែមេសា ឆ្នាំ​២០២៥ តាម​បណ្តោយ​តីរវិថី​ព្រះស៊ីសុវត្ថិ ចាប់​ពីមុខ​ព្រះបរមរាជវាំង រហូតដល់​រមណីយដ្ឋា​ន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ​។​

​​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត ឯណោះវិញ ដែលរៀបចំឡើង​ក្រោម​ប្រធានបទ ​«​ញញឹម​សាទរសង្ក្រាន្ត​ឆ្នាំ​ថ្មី​» សង្ឃឹមថានឹង​ទាក់ទាញ​សាធារណ​ជនជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​សប្បាយ ជា​លក្ខណៈ​មហា​គ្រួសារ​ខ្មែរ ដោយ​ព្រឹត្តិការណ៍​នេះ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ជួបជុំ​យុវជន និង​មហាជន ដើម្បី​ចូលរួម​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ។ បន្ថែម​ពីនេះ អង្គរសង្ក្រាន្ត​ក៏មាន​គោលបំណង​រម្លឹក និង​ធ្វើឱ្យ​រស់​រវើក​ឡើងវិញ​នៃ ​“​មរតក​បេតិកភណ្ឌ​អរូបី នៅលើ​ទីតាំង​នៃ​មរតក​បេតិកភណ្ឌ​រូបី ដែល​ធ្វើឱ្យ ​“​អង្គរ​មានជីវិត​” ជាពិសេស​នោះ​គឺ​ផ្តល់ឱកាសឱ្យ​យុវជន ប្រជាជន ភ្ញៀវទេសចរ​ជាតិ ​និង​អន្តរជាតិ បាន​ឈ្វេងយល់ ​និង​ទទួលបាន​បទពិសោធន៍​បន្ថែម​អំពី​ភាពរុងរឿង ល្បីល្បាញ ភាពសម្បូរ​បែប​នៃ​វប្បធម៌ អរិយធម៌​ខ្មែរ ក៏ដូចជា​ផ្តល់ឱកាស​ឱ្យ​ពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផល​ពាណិជ្ជកម្ម សិប្បកម្ម និង​សេវាកម្មនានា ទទួលបាន​ប្រយោជន៍​ធុរកិច្ច​ពី​កំណើន​ភ្ញៀវទេសចរ​។ ឆ្នាំនេះ​អង្គរ​សង្ក្រាន្ត នឹងមានកម្មវិធី​ចំនួន ៣៨ ដោយមានក្រុម​យុវជន​ស្ម័គ្រចិត្ត​ចំនួន​ប្រមាណ ៥ ០០០នាក់។

​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ​នឹងមាន​ការសម្តែង​សិល្បៈ​ទស្សនីយភាព “​ចង្វាក់បេះដូង​អង្គរ​” ដែលជា​ការផ្តល់​បទពិសោធ​ន៍​ថ្មី និង​ផ្តល់ឱកាស​ដល់​សាធារណជន​អាច​ចូលរួម​ទស្សនា​ការសម្តែងក្នុង​បរិវេណ​នៃ​ប្រាសាទអង្គរវត្ត (​បណ្ណាល័យ​ខាងត្បូង​នៃ​ប្រាសាទ​អង្គរ​) រយៈពេល​៣​យប់។ កម្មវិធី​ប្រកួត​អុក ភូមិ​អាហារ​នៃ​ក្តី​ស្រឡាញ់ ភូមិ​ត្នោត ដែលមាន​ការតាំង​បង្ហាញ​នូវ​មួក​ស្លឹកត្នោតយក្ស​ទំហំ ៨ម៉ែត្រ និង​មានផ្ទះ​ខ្មែរ​បុរាណ ដែល​ធ្វើ​ពី​ដើមត្នោត។ ការតាំង​បង្ហាញ​នូវ​ក្រមា ១០០០​ម៉ែត្រ ដែល​បាន​បំបែកឯតទគ្គ​កម្ម​ពិភពលោក​ជាក្រមា​វែង​ជាងគេ ​ដែល​សរសៃ​ទី១ ត្រូវបានត្បាញ​ដោយ​សម្ដេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ និង​សរសៃ​ចុងក្រោយ​ត្រូវបាន​ត្បាញ​ដោយ​សម្ដេច​តេ​ជោ ក្នុង​បំណង​គាំទ្រ ដល់​ក្រមា​ខ្មែរ ដែល​បានដាក់​បញ្ចូល​ទៅក្នុង​បញ្ជី​តំណាង​បេ​តិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ (UNESCO)​។​

ជាមួយគ្នានេះ អង្គរសង្ក្រាន្តក៏នឹងមានកម្មវិធីថ្មីៗ និងប្លែកៗជាច្រើនទៀត ដូចជាការលេង​ល្បែង​ប្រជាប្រិយ និង​ទាញព្រ័ត្រ​មិត្តភាព​អង្គរ​សង្ក្រាន្ត ព្រមទាំងកម្មវិធីតស់ៗលេងទឹក។ល។ ដែលនឹងបង្កើនភាពសប្បាយរីករាយកាន់តែខ្លាំងដល់សាធារណជន ភ្ញៀវជាតិ-អន្តរជាតិ។

​ក្រៅពីនេះ រដ្ឋបាលខេត្តដទៃទៀត​​ក៏បាននិង​កំពុង​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និង​ពង្រឹង​សេវាកម្ម​ម្ហូបអាហារ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ ​ជាពិសេស​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត និងនៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​ ហើយមាន​រៀបចំ​លម្អ​ភ្លើងពណ៌​នៅតាម​ផ្លូវ ​និង​តាម​តំបន់​ទេសចរណ៍​ ​ដើម្បី​ស្វាគមន៍ភ្ញៀវ​ទេសចរ​ក្នុង​ថ្ងៃ​សង្ក្រាន្ត​ផងដែរ។​

​គួរ​រំលឹក​ជូន​ថា​ ស្ថិតិ​ប្រជាពលរដ្ឋ​ខ្មែរ ​និងភ្ញៀវ​ទេសចរ​បរទេស​ដើរលេង​កម្សាន្ត​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ កាលពីឆ្នាំ២០២៤ ​សរុប​ប្រមាណ ២១,៧០លាន​នាក់ ​ខណៈ​ទេសចរ​បរទេស​ប្រមាណ ១១ម៉ឺន​នាក់។

​ក្រោមម្លប់នៃសន្តិភាព សង្ក្រាន្តត្រូវបានរៀបចំនៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ ឃុំ សង្កាត់ នៅតាមក្រសួង-ស្ថាប័ន និងគ្រឹះស្ថានសិក្សានានា។ ប្រជាពលរដ្ឋពិតជាមានការសប្បាយរីករាយជាមួយនឹងអ្វីដែលបាននិងកំពុងកើតមាននៅក្នុងមាតុភូមិដ៏សុខសាន្តមួយនេះ បើទោះបីជាមានផលប៉ះពាល់ខាងសេដ្ឋកិច្ចដែលបណ្ដាលមកពីកត្តាខាងក្រៅមួយចំនួនក៏ដោយ៕