ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបើកកិច្ចប្រជុំនៅទីស្តីការក្រសួងយុត្តិធម៌ ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតសរុប ៩០០នាក់ (ស្ត្រី ៧៦នាក់) ដែលត្រូវបានស្នើសុំការអនុគ្រោះទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ ខាងមុខ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ព្រមទាំងសមាជិកគណៈកម្មការផ្សេងទៀត។
តាមរបាយការណ៍ បញ្ជីឈ្មោះទណ្ឌិតទាំងនេះ ត្រូវបានស្នើសុំមកពីពន្ធនាគាររាជធានី-ខេត្តចំនួន ២១ និងមណ្ឌលអប់រំកែប្រែចំនួន ៤ ទូទាំងប្រទេស។ ការស្នើសុំអនុគ្រោះទោស រួមមាន៖
-បន្ធូរបន្ថយទោស ៣ខែ៖ ៥៩៧ នាក់ (ស្រី ៣៩ នាក់)
-បន្ធូរបន្ថយទោស ៦ខែ៖ ១៨៩ នាក់ (ស្រី ១៧ នាក់)
-បន្ធូរបន្ថយទោស ៩ខែ៖ ៧៤ នាក់ (ស្រី ១៥ នាក់)
-បន្ធូរបន្ថយទោស ១២ខែ៖ ១៤ នាក់ (ស្រី ៣ នាក់)
-បន្ថយទោសពីមួយជីវិតមកត្រឹម ៣០ឆ្នាំ៖ ២ នាក់
-លើកលែងទោសទាំងស្រុង៖ ២៤ នាក់ (ស្រី ២ នាក់)
លទ្ធផលនៃការពិនិត្យ និងសម្រេចរបស់គណៈកម្មការជាតិ នឹងត្រូវលើកទៅថ្វាយព្រះមហាក្សត្រ ដើម្បីទ្រង់ឡាយព្រះហស្តលេខាសម្រេចចុងក្រោយ តាមនីតិវិធី៕