ពោធិ៍សាត់: ស្ពានដែលត្រូវបានអះអាងថាជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលជាផ្នែកមួយនៃគម្រោងផ្លូវជាតិលេខ១០ នឹងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នរយៈពេលមួយសប្តាហ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដើម្បីសម្រួលចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ និងអ្នកទេសចរ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី។
ស្ពានលេខ២៨ ដែលមានទីតាំងស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងបើកឱ្យចរាចរណ៍សម្រាប់តែរថយន្តប្រភេទទេសចរណ៍ និងគ្រួសារ និងទោចក្រយានយន្ត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច។
ស្ពាននេះមានកម្ពស់ ៩០ម៉ែត្រ គិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាន ទទឹង ១០ម៉ែត្រ និងប្រវែងសរុប ៥៣៧ម៉ែត្រ សាងសង់ដោយចំណាយថវិកាជាតិប្រមាណ ២៥លានដុល្លារអាមេរិក ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន។ ក្រសួងសាធារណការនិងដឹកជញ្ជូន បានរៀបចំទីតាំងសម្រាប់ចតរថយន្ត និងទីលានសម្រាប់ថតរូបអនុស្សាវរីយ៍នៅកណ្តាលស្ពាន ដើម្បីទាញយកប្រយោជន៍ពីទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៅតំបន់នោះ។
ផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុប ១៩៧,៣៦៣ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ទៅខេត្តកោះកុង សម្រេចបានវឌ្ឍនភាពការងារជាង ៩៦% គិតត្រឹមខែមីនា។ គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើសមាហរណកម្មតភ្ជាប់ខេត្តទាំងបី និងប្រទេសកម្ពុជាទាំងមូល។
ឯកឧត្តម ស៊ុន ចាន់ថុល បានរំលេចពីសារៈប្រយោជន៍នៃស្ពាន និងផ្លូវជាតិលេខ១០ ក្នុងការសម្រួលការធ្វើដំណើរ ទេសចរណ៍ និងដឹកជញ្ជូន កាត់បន្ថយពេលវេលា និងថ្លៃដើម ជាពិសេសសម្រាប់ការដឹកជញ្ជូនកសិផល និងផលិតផលផ្សេងៗទៅកាន់ច្រកព្រំដែន និងកំពង់ផែ។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ ពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពាននាព្រឹកនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងកម្មករសាងសង់ជាច្រើនរូប៕