លោក រាជ សុវណ្ណ អភិបាលស្តីទីនៃគណ:អភិបាលក្រុងកោះរ៉ុង បានមានប្រសាសន៍ថា ដោយសារមានការយកចិត្តទុកដាក់ពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ក៏ដូចជាលោកជំទាវ សេង សុមេត្តា ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងក្រោះរ៉ុង បានចូលរួមព្រឹត្តិការណ៍ “សង្ក្រាន្តអ្នកកោះ ដើម្បីទេសចរណ៍កោះរ៉ុង” ហើយការរៀបំសង្ក្រានអ្នកកោះនាពេលនេះ ដើម្បីបង្ហាញពីសក្តានុពលលើទឹក និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅតំបន់កោះក្នុងខេត្តព្រះសីហនុ។
លោកបានបន្តថា សង្ក្រានកោះរ៉ុង បានចាប់ផ្តើមកាលពីថ្ងៃទី០៥ ខែមេសា ២០២៥ រហូតឆ្លងបុណ្យចូលឆ្នាំ ដើម្បីបង្កភាពសប្បាយរីករាយ ទន្ទឹមនោះ មានលេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្តនៅលើឆ្នេរខ្សាច់ និងមានសិល្បៈសម្តែងផងដែរ រហូតដល់ឆ្លងបុណ្យចូលឆ្នាំខ្មែរ ហើយទីតាំងទីមួយ គឺយើងរៀបចំនៅឆ្នេរឡងសិត (ឆ្នេរកោះរ៉ុង) ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ហើយប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិបានមកចូលរួមលេងកម្សាន្តសប្បាយរីករាយយ៉ាងច្រើន ហើយក៏ជាសារមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ជាពិសេសបង្ហាញពីសក្តានុពលទេសចរណ៍តំបន់កោះ នៃប្រទេសកម្ពុជាក្នុងខេត្តព្រះសីហនុ។
លោក រាជ សុវណ្ណ បានបញ្ជាក់ថា សង្ក្រានអ្នកកោះ ដើម្បីទេសចរណ៍កោះរ៉ុង គឺចាប់ផ្តើមបើកដំណើរការកាលពីពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ទន្ទឹមនោះរដ្ឋបាលក្រុងកោះរ៉ុង ក៏នឹងត្រៀមរៀបចំសង្ក្រាននៅវត្ត គីរីជលសារ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដើម្បីបង្កើតព្រឹត្តការណ៍ឱ្យបានកាន់តែច្រើនជូនប្រជាពលរដ្ឋអ្នកកោះ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរ ជាតិមកលេងកម្សាន្តនៅតំបន់កោះ និងចូលរួមកម្សាន្តសង្ក្រាន្តអ្នកកោះ។
លោក អភិបាលរងស្តីទី ក្រុងកោះរ៉ុង បានបញ្ជាក់ទៀតថា ការរៀបចំសង្ក្រានអ្នក កោះនាពេលនេះ ជាសារមួយបង្ហាញការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងបង្ហាញពីសក្តានុពលទេសចរណ៍លើផ្ទៃទឹក ការលេងល្បែងប្រជាប្រិយ៍ ម្ហូបអាហារ ការសម្តែងសិល្បៈ វាយក្អម លោតបាវ និងមានកម្មវិធីជាច្រើនបន្ថែមទៀត លោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តសង្ក្រានអ្នកកោះឱ្យបានច្រើនកុះករ៕