កម្ពុជា-កូរ៉េ ចុះហត្ថលេខាលើគម្រោង ៧លានដុល្លារ ពង្រឹងសុខាភិបាលរតនគិរី លើកកម្ពស់សុខភាពប្រជាជន

0

ភ្នំពេញ៖ ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះហត្ថលេខាលើគម្រោងថ្មីមួយដែលមានទឹកប្រាក់ប្រមាណ ៧លានដុល្លារអាមេរិក ក្នុងគោលបំណងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈនៅខេត្តរតនគិរីឱ្យកាន់តែប្រសើរឡើង។

ពិធីចុះហត្ថលេខាដ៏សំខាន់នេះ ធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល រាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី ឆេ មូន ជុង (Moonjung CHOI) នាយិកា KOICA ប្រចាំកម្ពុជា។

គម្រោងដែលមានឈ្មោះថា “ពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈគ្រប់ជ្រុងជ្រោយក្នុងខេត្តរតនគិរី” នឹងចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងជំនួយឥតសំណងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែគាំទ្រវិស័យសុខាភិបាលកម្ពុជាជាបន្តបន្ទាប់។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជំនួយនេះពិតជាមានតម្លៃ និងស្របតាមអាទិភាពចំបងរបស់ក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សក្នុងវិស័យនេះ។

លោកស្រី ឆេ មូន ជុង បានបញ្ជាក់ថា គម្រោងនេះនឹងផ្តោតសំខាន់លើការលើកកម្ពស់គុណភាពសេវាសុខភាពនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពក្នុងខេត្តរតនគិរី។ លោកស្រីបានបន្ថែមថា គោលដៅចុងក្រោយគឺបង្កើនលទ្ធភាពទទួលបានសេវាសុខភាពប្រកបដោយគុណភាពសម្រាប់ប្រជាពលរដ្ឋ និងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលសាធារណៈទាំងមូលនៅក្នុងខេត្តដាច់ស្រយាលមួយនេះ។

គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ ក្នុងវិស័យសុខាភិបាល មានប្រវត្តិដ៏យូរលង់ និងរឹងមាំ។ គម្រោងថ្មីនេះ នឹងបន្តពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសប្រជាជននៅខេត្តរតនគិរី៕