រដ្ឋបាលខេត្តសៀមរាប បានយកចិត្តយ៉ាងខ្លាំងចំពោះការផ្តល់សេវាកម្មផ្សេងៗជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រា្កន្តឆ្នាំ២០២៥នេះ ដោយក្រៅពីគិតគូរខ្ពស់ពីសោភ័ណភាព អនាម័យបរិស្ថាន ជាពិសេសស្នើសុំម្ចាស់ជីវកម្មនានាទូទាំងខេត្ត មិនត្រូវដំឡើងថ្លៃឱ្យខុសប្លែកពីថ្ងៃធម្មតាជាដាច់ខាត ចៀសវាងផលប៉ះពាល់ដល់កេរ្តិ៍ ឈ្មោះកិត្តិយសរបស់ខេត្តទេសចរណ៍មួយនេះ។
លោក ង៉ូវ សេងកាក់ អភិបាលរង ខេត្តសៀមរាប ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរសង្គ្រាន្តឆ្នាំថ្មី” ជូនដល់អ្នកសារព័ត៌មាន និងអ្នកផលិតវីដេអូមាតិកាក្នុងខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ថា សិក្ខាសាលនេះ ពិតជាមានគុណតម្លៃសម្រាប់ខេត្តសៀមរាប ដើម្បីចូលរួមសហការ រៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ឱ្យទទួលបានជោគជ័យ។
លោកថា អង្គរសង្រ្កាន្តដែលប្រារព្ធឡើងលើទឹកដីអច្ឆរិយអង្គរ ជាចំណែកមួយយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចប្រជាពលរដ្ឋខេត្តសៀមរាប ដោយផ្ទាល់ និងដោយប្រយោល ខណៈការរៀបចំកម្មវិធីកម្សាន្តសប្បាយ ព្រមទាំងបានពង្រីកទីតាំងកាន់តែមានវិសាលភាពជាងមុន ចំណែករយៈពេលនៃការរៀបចំកម្មវិធីក៏មានច្រើនថ្ងៃ បូករួមទាំងឈប់សម្រាកចុងសប្តាហ៍ផង។ ហេតុដូច្នេះ គ្រប់សេវាដែលផ្តល់ជូនប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ រដ្ឋបាលខេត្តបានយកចិត្តទុកយ៉ាងខ្លំាងទាំងសោភណភាព អនាម័យបរិស្ថាន រសជាតិនៃម្ហូបអាហារ ជាពិសេសទៅលើតម្លៃម្ហូបអាហារ ការស្នាក់នៅ និងការដឹកជញ្ជូនជាដើម គឺបានស្នើសុំម្ចាស់អាជីវកម្មនានា មិនត្រូវដំឡើងថ្លៃខុសពីថ្ងៃធម្មតាជាដាច់ខាត។
អភិបាលរងខាងលើ បានបន្តថា ទាក់ទងនឹងសេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ សេវាកម្មដឹកជញ្ជូន ត្រូវតែមានការទទួលខុសត្រូវ កុំឱ្យដល់ថ្ងៃបុណ្យ ចាប់ផ្តើមដំឡើងថ្លៃ ដែលធ្វើឱ្យប៉ះពាល់មានការផ្សព្វផ្សាយមិនល្អពីខេត្តសៀមរាប និងពីព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះជាចំណុចមួយសំខាន់ណាស់ ដែលយើងមិនអាចមើលស្រាលបាន ដូច្នេះស្នើសុំធ្វើយ៉ាងណាគ្រប់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ទាំងផ្នែកម៉ាស្សាក៏ដោយ គឺអត់មានដំឡើងថ្លៃខុសពីថ្ងៃធម្មតាទេ។
លោកបានបន្ថែមថា រដ្ឋបាលខេត្ត នឹងមានការលើកទឹកចិត្ត ចំពោះសេវាកម្ម ឬផ្នែកណាមួយ ដែលបានចូលរួមនិងគោរព យើងនឹងផ្តល់ជាបណ្ណសរសើរ ឬការលើកទឹកចិត្តដល់ពួកគាត់ ជាការថ្លែងអំណរគុណ ចំពោះការចូលរួម ពេលដែលភ្ញៀវមកគាត់អត់កោរភ្ញៀវ អត់បានដំឡើងតម្លៃ រក្សាតម្លៃហើយរសជាតិនៅដដែលនេះសំខាន់ណាស់។
សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ នៅលើទីតាំងចំនួន៦សំខាន់ៗ រួមមាននៅបរិវេណប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, King’s Road, Pub Street និងអង្គរឃ្យុងយូ។ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើន ដូចជា៖ ការសម្តែងទស្សនីយភាព, ចង្វាក់បេះដូងអង្គរ, កម្មវិធីភូមិខ្ញុំ, កម្មវិធីការប្រកួតអុកចត្រង្គ, កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត, កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ, កម្មវិធីរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ, កម្មវិធីសួនញញឹមអង្គរ, កម្មវិធីតោះៗលេងទឹក, កម្មវិធីសួនមុនីហឫទ័យ, កម្មវិធីផ្សារស្ទឹងសៀមរាប, កម្មវិធីប្រណាំងរទេះគោ-ក្របី និងពិធីស្រង់ព្រះជាដើម។ ជាមួយគ្នានេះ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត នៅខែមីនា ឆ្នាំ២០២៥នេះ ការធ្វើអាជីវកម្មទេសចរណ៍ក្នុងខេត្តមានចំនួន ១៤២៥កន្លែង ក្នុងនោះសណ្ឋាគារ មានចំនួន ២២៤កន្លែង ស្មើនឹង ១៣៥១៦បន្ទប់ សណ្ឋាគារបានដំណើរការមានចំនួន ១៨៣ កន្លែង ស្មើនឹង ៩៩០៧បន្ទប់។ ចំពោះផ្ទះសំណាក់ដែលកំពុងដំណើរការមានចំនួន ៣០២កន្លែង ស្មើនឹង ៤ ៦៨១បន្ទប់៕