អភិបាលខេត្តបាត់ដំបង និងខេត្តច័ន្ទបុរី ជួបពិភាក្សាលើកិច្ចការសំខាន់ចំនួន៥

0

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូរដ្ឋបាលខេត្តបាត់ដំបងអញ្ជើញបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែមេសា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរីនៃព្រះរាជាណាចក្រប្រទេសថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ប្រតិភូរដ្ឋបាលខេត្តចន្ទបុរី នៃព្រះរាជាណាចក្រប្រទេសថៃ ដែលដឹកនាំដោយឯកឧត្តម មន្តសិទ្ធ ផៃសានធៈនៈវ៉ាត់ អភិបាលខេត្តចន្ទបុរី។

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំខេត្តទាំងពីរ បានពិភាក្សាលើខ្លឹមសារសំខាន់ៗចំនួន៥ចំណុចរួមមាន៖

១.កិច្ចសហប្រតិបត្តិការជំរុញដំឡើងច្រកទ្វារតំបន់បានសាប់តារី ស្រុកសយដាវ ខេត្តចន្ទបុរី ដែលទល់មុខនឹងច្រកទ្វាតំបន់ព្រំដែន អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាច្រកទ្វារព្រំដែនអន្តរជាតិ។

២.ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ និងខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចដំណើរការឆ្ពោះទៅកាន់ទីក្រុងបណ្តាញការច្នៃប្រឌិតផ្នែកវិជ្ជាម្ហូបអាហារ របស់ខេត្តចន្ទបុរី ប្រទេសថៃ។

៣.កិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ដែលជាការផ្សាភ្ជាប់សេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌។

៤.កិច្ចសហប្រតិបត្តិការក្នុងការការពារ និងបង្ក្រាបបទល្មើសផ្នែកតិចណូឡូជី។

៥.កិច្ចសហប្រតិបត្តការផ្នែកពលករដើម្បីសម្របសម្រួលនីតិវីធីផ្សេងៗដល់បងប្អូនពលករធ្វើដំណើរត្រឡប់មកស្រុកកំណើតបានឆាប់រហ័ស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។

បន្ថែមពីនេះ ថ្នាក់ដឹកនាំប្រតិភូរដ្ឋបាលខេត្តទាំងពីរ បានចុះហត្ថលេខាលើសេចក្ដីព្រៀងកំណត់ហេតុកិច្ចប្រជុំការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការរវាងឯកឧត្តមអភិបាលខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរការឆ្ពោះទៅកាន់ទីក្រុងបណ្ដាញការច្នៃប្រឌិតផ្នែកវិជ្ជាម្ហូបអាហាររបស់ខេត្តច័ន្ទបុរី ដែលធ្វើឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារចៅឡាវ ខាបាណា រីសត ច័ន្ទបុរី។

តាមរយៈខ្លឹមសារនៃសេចក្ដីព្រៀងកំណត់ហេតុនេះ ភាគីទាំងពីររីករាយក្នុងការជួយគ្នាលើកកម្ពស់ និងផ្លាស់ប្ដូរផ្នែកវិជ្ជាម្ហូបអាហារ ដោយហេតុថា ខេត្តច័ន្ទបុរីមានគោលបំណងក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងបណ្តាញការច្នៃប្រឌិតផ្នែកវិជ្ជាម្ហូបអាហាររបស់យូណេស្កូ (UNESCO Creative City of Gastronomy) ដើម្បីថែរក្សា និងផ្សព្វផ្សាយគុណតម្លៃដ៏ល្អរបស់អាហារខេត្តច័ន្ទបុរី ដោយបានកំណត់ទិសដៅការអភិវឌ្ឍន៍ខេត្តច័ន្ទបុរី ឱ្យមានផែនការគម្រោងជំរុញការបង្កើតស្ថេរភាពផ្នែកអាហារ អាហារ មានសុវត្ថិភាព និងការលើកកម្ពស់គុណភាពជីវិតរបស់កសិករ អ្នកនេសាទ និងប្រជាជនរស់នៅក្នុងខេត្តច័ន្ទបុរី ទាំងផ្នែក សុខភាពរាងកាយ និងប្រាក់ចំណូល ព្រមទាំងគុណភាពបរិយាកាសបែបធម្មជាតិ ក្នុងឋានៈដែលខេត្តបាត់ដំបង នៃ ព្រះរាជាណាចក្រកម្ពុជា បានទទួលនូវសេចក្តីប្រកាសជាសមាជិករបស់បណ្ដាញការច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់ យូណេស្កូនាពេលកន្លងមក។ ដូចនេះទើបមានសេចក្តីសោមនស្សរីករាយ ដែលនឹងសហការក្នុងការជំរុញលើកកម្ពស់ និងផ្លាស់ប្ដូរកិច្ចដំណើរការឆ្ពោះទៅកាន់ទីក្រុងបណ្តាញការច្នៃប្រឌិតផ្នែកវិជ្ជាធ្វើម្ហូបអាហាររបស់ខេត្តច័ន្ទបុរី ជាបន្ត។

កិច្ចប្រជុំបានដំណើរការប្រកបដោយបរិយាកាសមិត្តភាព ការយោគយល់រវាងគ្នានឹងគ្នា សាមគ្គីភាព និងភាតរភាពក្នុងនាមជាអ្នកជិតខាងដ៏ល្អ ក្នុងលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការតាម “កំណត់ហេតុការយោគយល់ សម្ព័ន្ធមេត្រីភាពរវាងខេត្តច័ន្ទបុរី និងខេត្តបាត់ដំបង (friendship cities)”។

ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ យ៉ាងជ្រាលជ្រៅ និងប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស ផ្នែកវិជ្ជាម្ហូបអាហាររួមគ្នារបស់ខេត្តទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម សុខ លូ ក៏បានអញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ចុះទស្សនកិច្ចសហគមន៍ផ្ទះបុរាណ របស់ខេត្តចន្ទបុរី ប្រទេសថៃ និងធ្វើដំណើរដោយជិះកាណូតទៅកាន់សហគមន៍បាងសៈកៅ ដើម្បីទស្សនាសហគមន៍តម្បាញកន្ទេលកក់បាងសៈកៅ ដែលជាប្រភពផលិតកន្ទេលកក់ និងផលិតផលធ្វើពីដើមកក់ និងដើមក្រចៅដែលមានលក្ខណៈពិសេស៕