នៅសល់តែប៉ុន្មានជាង១០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងឈានមកដល់ ខណៈអាជ្ញាធរខេត្ដសៀមរាបក៏ដូចជាម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងផ្ទះសំណាក់បានប្រកាសថា ត្រៀមលក្ខណៈរួចរាល់ ដើម្បីទទួលស្វាគមន៍ការអញ្ជើញមកទស្សនាកម្សាន្ដរបស់បងប្អូនប្រជាពលរដ្ឋទាំងភ្ញៀវជាតិ និងអន្ដរជាតិនៅក្នុងទឹកដីខេត្ដសៀមរាប។
តាមរយៈព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងការរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ គេរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន មកចូលរួមកម្សាន្តសប្បាយ ហើយក៏នឹងធ្វើឱ្យចំណូលដែលទទួលបានការដើរទស្សនាកម្សាន្ដរបស់ភ្ញៀវ ចូលទៅដល់ដៃប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ផងដែរ។
ពាក់ព័ន្ធនឹងការត្រៀមរៀបចំព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ និងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅក្នុងខេត្ដសៀមរាបនាពេលខាងមុខនេះដែរ លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ ខេត្តសៀមរាបបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រតិបត្តិករទេសចរណ៍ទាំងអស់នៅក្នុងខេត្តសៀមរាប គឺបានត្រៀមលក្ខណៈជួយរាល់ហើយសម្រាប់បម្រើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងមកកម្សាន្តនៅខេត្តសៀមរាប នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ លោកប្រធានស្ដីទីមន្ទីរទេសចរណ៍ខេត្ដលើកឡើងថា ចំពោះសណ្ឋាគារនៅតាមបណ្តោយផ្លូវចាប់ពីស្តុបពេទ្យគន្ធបុប្ផា ទៅដល់ស្ពានអតីតអាងក្រពើមានកក់បន្ទប់ស្នាក់នៅប្រមាណ៩៥%ហើយ សណ្ឋាគារនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីស្តុបចុងកៅស៊ូ រហូតមកដល់រង្វង់មូលជ័យវ័រ្មនទី៧ ក៏មានការកក់បន្ទប់ស្នាក់នៅមានប្រមាណ៨៥% ផងដែរ។
លោកបន្ដថា ចំពោះសណ្ឋាគារដែលនៅឆ្ងាយៗពីតំបន់ទាំងនេះ មានការកក់ប្រមាណជា៦០ទៅ៦៥%។ សម្រាប់ផ្ទះសំណាក់វិញឃើញថា ផ្ទះសំណាក់ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅតំបន់ផាប់ស្រ្ទីត និងកៀកតំបន់នេះ គឺមានការកក់បន្ទប់ស្នាក់នៅប្រមាណជា៨៥%ដែរ។ ដោយឡែក សម្រាប់ផ្ទះសំណាក់ ដែលនៅតំបន់ជាយក្រុងមានការកក់ប្រមាណជា៦០ ទៅ៦៥%។ លោកបានបញ្ជាក់ទៀតថា ដូចនេះ ភ្ញៀវទេសចរដែលមានបំណងចង់មកកម្សាន្ត នៅខេត្តសៀមរាប ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុននេះ ពួកគាត់អាចរកកន្លែងស្នាក់នៅបានទៀត។
បើតាមលោកប្រធានស្ដីទីមន្ទីរទេសចរណ៍ខេត្ដ ដើម្បីធ្វើឱ្យការផ្តល់សេវាទេសចរណ៍ជូនភ្ញៀវប្រកបដោយគុណភាពនោះ ក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរទេសចរណ៍ខេត្ដដែលស្ថិតនៅមូលដ្ឋានផ្ទាល់ គឺបានធ្វើការណែនាំបន្ថែមឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់ធ្វើការរៀបចំឱ្យមានសណ្ឋាប់ធ្នាប់ អនាម័យ សុវត្ថិភាព តម្លៃសមរ្យ ដើម្បីឱ្យការលក់ដូររបស់ពួកគាត់ល្អទាំងអថិតិជន ល្អទាំងមូលដ្ឋានរបស់ពួកគាត់។ លោក ធិម សេរីវុឌ្ឍ បានបង្ហាញក្ដីរំពឹងថា៖ «ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ នឹងផ្តល់ចំណូលមកដល់ប្រតិបត្តិករទេសចរណ៍ ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងខេត្តសៀមរាប ទាំងដោយផ្ទាល់ និងប្រយោល ដែលនឹងជួយធ្វើឱ្យសេដ្ឋកិច្ចមូលដ្ឋានមានភាពល្អប្រសើរ»។
លោក ឌុក ដេត ម្ចាស់ភោជនីដ្ឋានបន្ទាយជ័យ៨០២ និងក្លឹបបាញ់ធ្នូ ភូមិន្ទកម្ពុជា ស្ថិតនៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាបបានឱ្យដឹងថា នៅពេលដែលខេត្តមានរៀបចំព្រឹត្តិការណ៍ធំៗជាពិសេសដូចជាអង្គរសង្ក្រាន្តនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះព្រឹត្ដិការណ៍នេះនឹងមានភ្ញៀវទេសចរមកលេងខេត្តសៀមរាបច្រើន។ លោកបន្ដថា តាមរយៈព្រឹត្ដិការណ៍នេះ គឺច្បាស់ណាស់ថា ភ្ញៀវទេសចរទាំងនោះ ក៏នឹងមកទទួលទានអាហារ និងបាញ់ធ្នូលេង នៅកន្លែងរបស់លោកផងដែរ។
លោក ឌុក ដេត បានបញ្ជាក់ឱ្យដឹងទៀតថា៖ «សម្រាប់ភោជនីដ្ឋាន និងក្លឹបបាញ់ធ្នូ របស់ខ្ញុំគឺបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ទទួលភ្ញៀវទេសចរ ដោយអាហារមានគុណភាព មានអនាម័យ រស់ជាតិឆ្ងាញ់ និងមានតម្លៃសមរ្យ ដែលអាចឱ្យភ្ញៀវទទួលយកបាន»។
ជាមួយគ្នានេះដែរ លោក ខាន់វ៉ាន់ ឆាយ តំណាងបណ្តាញសហគមន៍ទេសចរណ៍ស្រុកបន្ទាយស្រី ខេត្ដសៀមរាបក៏បានឱ្យដឹងដែរថា បណ្តាញសហគមន៍ទេសចរណ៍ស្រុកបន្ទាយស្រី បានត្រៀមលក្ខណៈរួចរាល់ហើយ ដោយបានរៀបចំយ៉ាងយកចិត្តទុកដាក់ និងរក្សាគុណភាព និងតម្លៃជូនភ្ញៀវទេសចរ ពុកម៉ែបងប្អូន ដែលបានមកកម្សាន្ត មកទទួលទានអាហារ និងប្រើប្រាស់សេវាកម្មទេសចរណ៍ផ្សេងៗ ដែលមាននៅក្នុងសហគមន៍របស់លោក។ លោកសន្យាថា នឹងផ្តល់សេវាជូនភ្ញៀវដោយយកចិត្តទុកដាក់បំផុត ជាមួយគ្នានេះ អាជ្ញាធរឃុំព្រះដាក់ ក៏បានប្រជុំជាមួយអាជីវករ និងអ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ ឱ្យរក្សាគុណភាពម្ហូបអាហារ និងតម្លៃជូនភ្ញៀវទេសចរ។ លោក ខាន់វ៉ាន់ ឆាយ បានបន្ថែមទៀតថា៖ «រហូតមកដល់ពេលនេះ មានភ្ញៀវទេសចរ បានកក់ម្ហូបមួយចំនួនធំហើយសម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ខ្ញុំជឿជាក់ថា អង្គរសង្ក្រាន្តបានរុញច្រានឱ្យសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាបនឹងមានការកើនឡើង»។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាបបានឱ្យដឹងថា ក្នុងរយៈពេល៣ខែ ក្នុងឆ្នាំ២០២៥នេះ ខេត្ដសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨០៦ ៦៣១ នាក់ បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នា មានការថយចុះប្រមាណ ១៤.១៦ភាគរយ ដោយក្នុងឆ្នាំ២០២៤ មានចំនួន ៩៣៩ ៧៣៤នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៤០៨ ១០០ នាក់ ភ្ញៀវទេសចរអន្ដរជាតិមានចំនួន ៣៩៨ ៥៣១ នាក់។
សូមជម្រាបជូនថា កាលពីឆ្នាំ២០១៣ ដែលជាឆ្នាំនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកដំបូង ខេត្តសៀមរាប ទទួលបានអ្នកទេសចរណ៍ប្រមាណចំនួន១៧ម៉ឺននាក់ ហើយចំនួននេះ មានការកើនឡើងជាលំដាប់ដោយនៅក្នុងនោះ ក្នុងឆ្នាំ២០២៣ ដែលជាខួប១០ឆ្នាំរបស់អង្គរសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានអ្នកទេសចរចូលមកកម្សាន្តក្នុងព្រឹត្តិការណ៍នេះ ប្រមាណជាង២លាននាក់ និងមានលំហូរសាច់ប្រាក់ចូលមកក្នុងខេត្ត ប្រមាណជាង១២៦លានដុល្លាអាម៉េរិក៕