ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប៖ ភ្ញៀវទេសចរដែលមានបំណងចង់មកកម្សាន្ត នៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅតែអាចរកកន្លែងស្នាក់នៅបាន ទោះបីសណ្ឋាគារមួយចំនួនមានការកក់បន្ទប់ស្នាក់រហូតដល់៩៥%ហើយក្តី

0

នៅសល់តែប៉ុន្មានជា១០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងឈានមកដល់ ដែលគេរំពឹងថាព្រឹត្តិការណ៍នេះ និងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន មកកម្សាន្តធ្វើឱ្យចំណូលបានទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់។

លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រតិបត្តិករទេសចរណ៍ទាំងអស់នៅក្នុងខេត្តសៀមរាប គឺបានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់បម្រើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងមកកម្សាន្តនៅខេត្តសៀមរាប នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

ជាមួយគ្នានេះសណ្ឋាគារនៅតាមបណ្តោយផ្លូវចាប់ពីស្តុបពេទ្យគន្ធបុប្ផាទៅដល់ស្ពានអតីតអាងក្រពើមានការកក់បន្ទប់ស្នាក់នៅប្រមាណ៩៥%ហើយ សណ្ឋាគារនៅតាមបណ្តោយផ្លូវជាតិលេខ៦ចាប់ពីស្តុបចុងកៅស៊ូរហូតមកដល់រង្វង់មូលជ័យវ័រ្មនទី៧ មានការកក់បន្ទប់ស្នាក់មានប្រមាណ៨៥% ចំពោះសណ្ឋាគារដែលនៅឆ្ងាយៗពីតំបន់ទាំងនេះ មានការកក់ប្រមាណជា៦០ទៅ៦៥%។

សម្រាប់ផ្ទះសំណាក់វិញឃើញថា ផ្ទះសំណាក់ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅតំបន់ផប់ស្រ្ទីត និងកៀកតំបន់នេះ គឺមានការកក់បន្ទប់ស្នាក់នៅប្រមាណជា៨៥%។ ដោយឡែកសម្រាប់ផ្ទះសំណាក់ ដែលនៅតំបន់ជាយក្រុងមានការកក់ប្រមាណជា៦០ទៅ៦៥%។ ដូចនេះ ភ្ញៀវទេសចរដែលមានបំណងចង់មកកម្សាន្ត នៅខេត្តសៀមរាប ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុននេះ ពួកគាត់តែអាចរកកន្លែងស្នាក់នៅបាន៕