លទ្ធផលពិសោធន៍ពូជដំឡូងមី បានរកឃើញពូជ KU50មានគុណភាពល្អជាងគេក្នុងការដាំដុះ

0

មន្ត្រីជំនាញបច្ចេកទេសនិងមន្ទីរកសិកម្មខេត្តព្រះវិហារ បានធ្វើពិសោធន៍រកឃើញពូជដំណាំដំឡូងមី១ប្រភេទKU50 មានគុណភាពខ្ពស់ជាងគេ ក្នុងការធន់ទៅនឹងអាកាសធាតុ គ្មានជំងឺឆ្លង និងងាយស្រួលថែទាំ ព្រមទាំងទទួលបានទិន្នផលខ្ពស់ថែមទៀតផង។ ការពិសោធន៍នេះ មានគោលបំណងស្វែងរកពូជដំណាំដំឡូងមីណាដែលល្អជាងគេ ដើម្បីផ្សព្វផ្សាយដល់កសិករ ឱ្យធ្វើការដាំដុះប្រកបទៅដោយភាពជោគជ័យ។

មន្ត្រីជំនាញបច្ចេកទេសកសិកម្ម និងមន្ត្រីនៃមន្ទីរកសិកម្មខេត្តព្រះវិហារ បានចុះផ្សព្វផ្សាយដល់ប្រជាកសិករអំពីប្រភេទពូជដំណាំដំឡូងមី១ប្រភេទ ដែលបានរកឃើញថាមានសមត្ថភាពខ្ពស់ជាងគេក្នុងការទប់ស្កាត់បញ្ហាមួយចំនួន នៅក្នុងអំឡុងពេលកំពុងដាំដុះ។

លោក មុំាង ប្រុស មន្ត្រីសម្របសម្រួលគម្រោងអាសេត ( ASSET )មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ការធ្វើពិសោធន៍បានអនុវត្តតាមរយៈការដាំដុះនៅលើផ្ទៃដីក្នុងតំបន់ផ្ទាល់តែម្តង ដោយមានគោលបំណងស្វែងរកប្រភេទពូជដំណាំដំឡូងមីណា ដែលមានគុណភាពខ្ពស់ ត្រូវក្បួនខ្នាត អាចធន់នឹងអាកាសធាតុ គ្មានជំងឺឆ្លង និងទទួលបានទិន្នផលខ្ពស់ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ មើមដំឡូងមីក៏មានទម្រង់វែងល្អនិងធំធាត់ផងដែរ។ លោកបានចុះអនុវត្តការធ្វើពិសោធន៍ផ្ទាល់ជាមួយនឹងមន្ត្រីអង្គការពាក់ព័ន្ធ មន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ រួមជាមួយនឹងប្រជាកសិករផងដែរ។

ជាទូទៅការប្រមូលផលដំឡូងមីដែលពេញម្សៅល្អ គឺអាចធ្វើឡើងចាប់ពី៨ខែឡើងទៅ ប៉ុន្តែដំឡូងមីនេះ គឺចាប់ផ្តើមដាំពីខែមិថុនា ឆ្នាំ២០២៤មក ដូច្នេះការប្រមូលផលអាចនឹងធ្វើឡើងនៅចន្លោះពីខែមករា ឬខែកុម្ភៈ ឆ្នាំ២០២៥។ លោក មុំាង ប្រុសបានបន្ថែមថា បើតាមលទ្ធផលពិសោធន៍កាលពីឆ្នាំមុន សម្រាប់ពូជដំឡូងមីនេះ ខាងមន្ទីរកសិកម្មបានរកឃើញទិន្នផល ក្នុង១ហិកតាអាចកើនដល់៣៥តោន ប៉ុន្តែសម្រាប់លទ្ធផលនៃការពិសោធន៍ឆ្នាំនេះវិញ គឺបរិមាណមានប្រហែលជិត៣០តោន។

លោកបានអះអាងថា ទាក់ទងនឹងផលវិបាកនៃការធ្វើពិសោធន៍ពូជដំណាំដំឡូងមីនៅឆ្នាំនេះ មន្ត្រីជំនាញបានរកឃើញមានកត្តាចង្រៃបានកើតឡើងនៅចន្លោះខែមិថុនាដល់ខែកក្កដា ក្នុងឆ្នាំ២០២៤។

មុនពេលប្រមូលផលនិងក្រោយការប្រមូលផលនៅឆ្នាំ២០២៥នេះ ខាងមន្ទីរកសិកម្មបានធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករអំពីការប្រើប្រាស់ពូជដំណាំដំឡូងមី ដើម្បីធ្វើការពិសោធន៍។ មិនតែប៉ុណ្ណោះមន្ទីរបានអញ្ជើញកសិករឱ្យមកធ្វើទស្សនកិច្ច ដល់កន្លែងទីតាំងពិសោធន៍ផ្ទាល់តែម្តង។

ជានិច្ចកាលមុនពេលចាប់ផ្តើមធ្វើការពិសោធន៍ទៅលើការដាំដំណាំដំឡូងមីនេះ គម្រោងក៏បានសហការជាមួយនឹងកសិករ ដើម្បីបញ្ជាក់ឱ្យកសិករបានឃើញពីការវិវត្តន៍នៃពូជដំណាំដំឡូងមី ដែលជាពូជនាំចូលពីក្រៅប្រទេស។ លោក មុំាង ប្រុស បញ្ជាក់ថា៖ កសិករដែលបានចូលរួមសហការមាន១៤គ្រួសារ ហើយជាទូទៅមានកសិករខ្លះគាត់អនុវត្តការដាំតាមបែបអេកូឡូស៊ី ប៉ុន្តែភាគច្រើននៅតំបន់នេះ គាត់អនុវត្តតាមបែបប្រពៃណី ។ដែលមានន័យថា គាត់ដាំដំឡូងមីដោយប្រើថ្នាំគីមីដូចជា៖ ថ្នាំសម្លាប់ស្មៅ ថ្នាំសម្លាប់សត្វល្អិតជាដើម ប៉ុន្តែគម្រោងមិនលើកទឹកចិត្តឱ្យពួកគាត់មានការប្រើប្រាស់ថ្នាំពុលច្រើននោះទេ។

កន្លងមកនេះ មន្ទីរកសិកម្មខេត្តវិហារបានខិតខំស្វែងរកបណ្តាក្រុមហ៊ុនជាច្រើន ដើម្បីចុះកុងត្រាទិញលក់ផលិតផលដំឡូងមីពីសហគមន៍កសិករ។ នេះបើយោងតាមប្រសាសន៍របស់លោក ស៊្រុន បូរិន អនុប្រធាមន្ទីរកសិកម្មខេត្តព្រះវិហារ។ លោកបានឱ្យដឹងថា គោលបំណងនៃការស្វែងរកម្ចាស់ក្រុមហ៊ុននៅក្រៅស្រុកនេះ គឺដើម្បីបង្កើតទីផ្សារជូនកសិករ ដោយមានការបញ្ជាទិញក្នុងតម្លៃសមរម្យ ដែលកសិករអាចទទួលយកបាន។

ភាគច្រើនផលិតផលដំឡូងមីខេត្តព្រះវិហារ ត្រូវបាននាំចេញទៅលក់នៅប្រទេសវៀតណាម ហើយ កាលពីឆ្នាំមុនដំឡូងមីធ្លាក់ចុះថ្លៃបន្តិចបន្តួចតែប៉ុណ្ណោះ គឺត្រឹមតែ១០០រៀលទេ។ បើតាមលោស៊្រុន បូរិន បានបញ្ជាក់ពីមូលហេតុខ្លះៗដែលបណ្តាលឱ្យដំឡូងមីមានការធ្លាក់ចុះថ្លៃយ៉ាងដូច្នេះថា៖​«ដំឡូងមីតម្លៃវាផ្សេងគ្នាចង់និយាយថាតម្លៃវានៅកាលដើមរដូវ វារៀងចុះថោកតិចដោយសារដំឡូងមី ពេលគាត់ប្រមូលផលគាត់និយាយរួមទៅគឺគាត់ប្រញាប់ប្រមូលផល ទី១គាត់ខ្លាចទឹកលិចទឹកអីអញ្ចឹងទៅរលួយខូច គាត់តម្រូវប្រមូលហើយ។ អញ្ចឹងអាប្រភេទម្យៅហ្នឹងវានៅតិច អញ្ចឹងគាត់ទៅធ្វើមេចឱ្យតែបានទៅអញ្ចឹងអាតម្លៃវាថោក។ ប៉ុន្តែបើក្រុមហ៊ុនគេមានកំណត់ជាក់លាក់អញ្ចឹង បាទតម្លៃខុសគ្នា ខុសគ្នាចន្លោះប្រហែលជា១០០រៀលទេ»។

កន្លងមកនេះការអនុវត្តន៍ដាំដំណាំដំឡូងមីរបស់ប្រជាកសិករ គឺបានប្រើប្រាស់ពូជនាំចូលពីក្រៅប្រទេសដែលគ្មានប្រភពគោលដៅច្បាស់លាស់ ដោយកសិករមិនទាន់យល់ដឹងច្បាស់អំពីប្រភេទពូជដំណាំដំឡូងមី ដូច្នេះកសិករចេះតែទិញតាមឈ្មួញ សម្រាប់យកមកដាំដុះ។

ប៉ុន្តែបើយើងបន្សុតពូជនេះចង់ថាយើងដឹងពីមូលដ្ឋានច្បាស់ហើយយើងចង់ថាបើលក់ឱ្យកសិករយើងក៏មានថាការពាររឹងមាំថាពូជនេះវាមានគុណភាពល្អដាំទៅមានទំនុបចិត្តខ្ពស់អញ្ចឹងដែរ»។

លោកអនុប្រធានមន្ទីរកសិកម្មដដែលនេះ បានអំពាវនាវដល់បងប្អូនប្រជាកសិករត្រូវចេះស្វែងយល់ពីកត្តាដែលនាំឱ្យការដាំដំណាំដំឡូងមីមិនទទួលបានជោគជ័យថា៖ ទី១. ការជ្រើសរើសពូជហ្នឹង ដូចខ្ញុំនិយាយពីដំបូងចឹងបើពូជហ្នឹងអត់គុណភាពវាមានជំងឺហើយយកមកដាំវាអត់បានផលចឹងខាតទាំងកម្លាំងពលកម្ម ខាតទាំងថវិកា ខាតទាំងអ្វីទាំងអស់។ អញ្ចឹងយើងទាមទារធ្វើយ៉ាងម៉េចឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការប្រើប្រាស់ពូជហ្នឹង ហើយទី២នេះគឺកត្តាដីវាសំខាន់ហើយ ក្នុងករណីដីយើងវាដំឡូងបើដាំជាប់គ្នាក៏វាមានបញ្ហាដែរ ត្រង់ថាអាជីវជាតិដីយើងវាកាន់តែរិចរិលទៅៗចឹង។ អញ្ចឹងវាត្រូវការទាមទារការរៀបចំដីហ្នឹងឱ្យបានល្អ។

បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារបានឱ្យដឹងថា ខេត្តនេះមានប្រភេទដំណាំសក្តានុពលសរីរាង្គចំនួន៣មុខ ដែលក្នុងនោះមានស្រូវបានធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិមានប្រមាណជាង២០ម៉ឺនតោន ដែលមានទំហំទឹកប្រាក់ប្រមាណ៦០លានដុល្លារអាមេរិក។ ទី២ ដំទ្បូងមីមានផ្ទៃដីជិត៥ម៉ឺនហិកតាកសិផលលក់ចេញប្រមាណ៧០លានដុល្លារអាមេរិក និងទី៣ ស្វាយចន្ទី មានផ្ទៃដីផលិតជិត៣ម៉ឺនហិកតា និងដីប្រមូលផលមាន២៨ពាន់ហិកតា (២៨.០០០) ទិន្នផលលក់ចេញបាន៤០លានដុល្លារអាមេរិក។

ជាមួយគ្នានេះលោក ពឹង ទ្រីដាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានបញ្ជាក់ថា៖ ក្រៅពីដំណាំសំខាន់ៗ៣មុខខាងលើនេះ ខេត្តព្រះវិហារក៏មានដំណាំរួមផ្សំសំខាន់ៗជាច្រើនទៀតដូចជា៖ ដំណាំកៅស៊ូ៣ម៉ឺនហិកតា ចេកណាំវ៉ាមានផ្ទៃដី១០០០០ហិកតា គឺមានទីផ្សារនៅក្នុងស្រុកក្នុងផ្ទៃដី១ហិកតាទិន្នផលលក់បាន១២លានរៀល រួមនឹងដំណាំផ្សេងៗទៀត ដូចជា សណ្តែកដី និងល្ងជាដើម។

យ៉ាងនេះក្តីលោក ពឹង ទ្រីដា គ្រោងពង្រីកការធ្វើវិនិយោគ ទៅលើដំណាំកសិកម្មនៅក្នុងខេត្តជាមួយនឹងបណ្តាក្រុមហ៊ុនជាច្រើនទៀតនៅកម្ពុជា ព្រមទាំងបណ្តាក្រុមហ៊ុនផ្សេងៗជាច្រើនទៀតដែរ ដែលមានទីតាំងនៅឯក្រៅប្រទេស។

បើគិតត្រឹមរយៈពេល១២ខែចុងឆ្នាំ២០២៤ខេត្តព្រះវិហារបានធ្វើការនាំចេញកសិផល៣មុខដែលមានស្រូវ ស្វាយចន្ទី និងដំឡូងមី ទៅកាន់ទីផ្សារអន្តរជាតិមានប្រមាណ១៧០លានដុល្លារអាមេរិក។ ក្រៅពីដំណាំសក្តានុពលប្រចាំខេត្តទាំង៣មុខខាងលើនេះ ខេត្តព្រះវិហារក៏មានដំណាំរួមផ្សំជាច្រើនទៀតដូចជា៖ ល្ពៅ កៅស៊ូដែលមានផ្ទៃដីដាំដុះចំនួនជាង៣ ម៉ឺនហិកតា និងដំណាំចេកចំនួនជិត១ម៉ឺនហិកតាដែលកំពុងឆ្លើយតបទីផ្សារក្នុងស្រុក និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករនៅក្នុងខេត្ត។ នេះបើយោងតាមប្រសាសន៍លោក ពឹង ទ្រីដាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ។

ខេត្តព្រះវិហារត្រូវបានរាជរដ្ឋាភិបាលកំណត់យកជាខេត្តគោលដៅដែលមានសក្តានុពលលើការផលិតដំណាំសរីរាង្គឈានមុខគេនៅប្រទេសកម្ពុជា។ ដោយសារសណ្ឋានដីក្សេត្របរិស្ថាន មានអំណោយផលល្អពីធម្មជាតិ ព្រមជាមួយនឹងការអនុវត្តន៍ការដាំដុះដំណាំធម្មជាតិតាមទម្លាប់ពីដូនតា ដោយមិនប្រើប្រាស់សារធាតុចូលគីមីពុល។ សម្រាប់ខេត្តទិសឧត្តរមួយនេះ ក៏មានប្រជាពលរដ្ឋរស់នៅប្រមាណជាង២៧ម៉ឺននាក់ស្មើប្រមាណ ៦៨០០០គ្រួសារ។ វិស័យកសិកម្មគឺជាមុខរបរឈានមុខគេសម្រាប់ប្រជាពលរដ្ឋមួយភាគធំនៅក្នុងតំបន់នោះ។ ជាមួយគ្នានេះ ប្រព័ន្ធបច្ចេកទេសកសិអេកូទ្បូស៊ី ក៏ជាផ្នែកមួយសំខាន់ក្នុងការជំរុញដល់ការផលិតដំណាំសរីរាង្គ ដោយបច្ចុប្បន្នមានសហគមន៍អភិវឌ្ឍន៍កសិកម្មចំនួន៤៥ កន្លែងស្មើនឹងកសិករប្រមាណ ២០០០០គ្រួសារ កំពុងអនុវត្តតាមគោលការណ៍បច្ចេកទេសអេកូទ្បូស៊ី៕