រដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយធនាគារជាតិនៃកម្ពុជា រៀបចំសិក្ខាសាលាស្តីពី “ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ”នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២០ខែមីនាដើម្បីអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ -២០ មីនា ២០២៥)និងដើម្បីរំលេចពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀលសម្រាប់សង្គមនិងសេដ្ឋកិច្ចកម្ពុជាព្រមទាំងតួនាទីរបស់ភាគីពាក់ព័ន្ធក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលា ព្រមទាំងមានចូលរួមពីឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា។
ក្នុងឱកាសពិសេសនេះក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានផ្តល់នូវអនុសាសន៌ចំនួន៨ចំណុច ដូចខាងក្រោម៖
១-បន្តលើកទឹកចិត្តដល់អ្នកពាក់ព័ន្ឋ រួមគ្នាលើកស្ទួយការប្រើប្រាស់រៀលឱ្យកាន់តែទូលំទូលាយ ព្រោះថា ប្រាក់រៀលគឺជានិមិត្តិរូបជាតិយ៉ាងសំខាន់មួយដែលធ្វើឱ្យអត្តសញ្ញាណនិងព្រលឹងជាតិមានភាពពេញលេញ។
២-បន្តលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នសាធារណៈ និងវិស័យ ឯកជន បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រែក្លាយប្រាក់រៀលទៅជារូបិយវត្ថុចម្បងនៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងវិស័យទាំងអស់ ពីព្រោះការប្រើប្រាស់រូបិយវត្ថុជាតិតែមួយ នឹងអាចឈានទៅជួយកាត់បន្ថយផលប៉ះពាល់ពីកត្តាខាងក្រៅ ហើយនឹងធ្វើឱ្យប្រទេសកម្ពុជាយើងអាចនឹងមានឯករាជ្យផ្នែកសេដ្ឋកិច្ចខ្ពស់ជាងមុន។
៣- សូមលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភា ពិនិត្យ និងសិក្សាក្នុងការផ្តួចផ្តើមធ្វើច្បាប់ ឬអនុម័តច្បាប់នានា ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យ ធនាគារ និងហិរញ្ញវត្ថុ និងជាពិសេសលើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
៤- សភានឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនជំរុញការអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗលើគ្រប់វិស័យ ដើម្បីបង្កភាពងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងទៀត។
៥- សភានឹងបន្តធ្វើការតាមដាន និងត្រួតពិនិត្យលើការងារអនុវត្តច្បាប់ហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រងឆ្នាំ២០២៥ ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ ដើម្បីធានាបានសក្តិសិទ្ឋិភាព ប្រសិទ្ឋភាព និងតម្លាភាព ធ្វើយ៉ាងណាឲ្យថវិកាជាតិបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
៦-សភាលើកទឹកចិត្តដល់ធនាគារជាតិនៃកម្ពុជា បន្តធ្វើការផ្សព្វផ្សាយស្តីពីការប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ KHQR ឱ្យបានទូលំទូលាយដល់សាធារណជនទាំងស្ត្រី និងបុរស ជាពិសេសក្នុងចំណោមវិស័យឯកជន និង អ្នកទេសចរណ៍ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាយើងឱ្យកាន់តែខ្លាំង និងកាត់បន្ថយផលប៉ះពាល់នៃអតិផរណាដែលបណ្តាល មកពីអត្រាប្តូរប្រាក់ពីរូបិយប័ណ្ណបរទេស។
៧- សូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាល ពិចារណាបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងមួយ ដើម្បី រៀបចំយុទ្ធសាស្រ្ត និងធ្វើការស្រាវជ្រាវអំពីការលើកកម្ពស់ប្រាក់រៀល សំដៅឱ្យគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀលតាមវិស័យនានាអាចប្រព្រឹត្តទៅប្រកបដោយសង្គតិភាព។
និងទី៨ -គួរពិចារណាបង្កើតនូវវិធានឬនិយ័តកម្ម និងពង្រឹងកិច្ចសហការពហុភាគីសំដៅជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ព្រមទាំងអប់រំ ផ្សព្វផ្សាយដល់វិស័យឯកជន និងពលរដ្ឋទូទៅទាំងស្ត្រីនិងបុរស អំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងធន់ ក៏ដូចជាការលើកកម្ពស់អធិបតេយ្យភាព និងអត្តសញ្ញាណជាតិ ផងដែរ៕