រយៈពេល២ខែដើមឆ្នាំ កម្ពុជាទទួលបានចំណូលជាង១០៥ លានដុល្លារពីការនាំចេញកៅស៊ូ

0

រយៈពេល ២ខែ ដើមឆ្នាំនេះ កម្ពុជារកបានចំណូលពីការនាំចេញជ័រ​កៅស៊ូ​ជាង ១០៥.១២ លានដុល្លារអាមេរិក​ជាមួយនឹង​ការនាំចេញ​ឈើកៅស៊ូរកចំណូលបាន៩៦៨.៥៣០ ដុល្លារ ។ នេះបើយោង​តាម​របាយការណ៍អគ្គនាយក​ដ្ឋានកៅស៊ូនៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រភពដដែលបន្តថា តម្លៃកៅស៊ូនៅដើមឆ្នាំ២០២៥នេះ មានភាពល្អ​ប្រសើរ ពោល ១ ៩២៦ ដុល្លារក្នុង​មួយតោន ពោល​កើនឡើង ៤៧៥ ដុល្លារក្នុងមួយតោន ឬ ៣២,៧ ភាគរយ បើធៀបនឹងរយៈពេលដូច​គ្នា​កាលពីឆ្នាំមុន ខណៈដែល​តម្លៃឈើ​កៅស៊ូជាមធ្យមក្នុងរង្វង់ ៣៣០ដុល្លារ​ក្នុងមួយម៉ែត្រគូប។

ឯកឧត្តម ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ ត្រូវបានស្រង់សម្ដីមកបញ្ជាក់ថា ដោយឡែកនៅក្នុងខែកុម្ភៈ កន្លងទៅតម្លៃកៅស៊ូលក់ជាមធ្យម ១ ៩០៧ ដុល្លារក្នុងមួយតោន ធ្លាក់ចុះ ២៦ ដុល្លារក្នុងមួយតោន (១,៣៤ ភាគរយ) ធៀបនឹងខែមករា ។ ឯកឧត្តមបន្តថា អគ្គនាយកដ្ឋាននឹងបន្តធ្វើការដើម្បីសម្រេចបាននូវ​គោលដៅដែលបានគ្រោងទុក និងផ្តល់លទ្ធផលវិជ្ជមាន។ យើងនឹង​បន្តសហការជាមួយសមាគមកៅស៊ូជាតិ និងអន្តរជាតិលើគំនិតផ្តួច​ផ្តើមស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុង​ឧស្សាហកម្ម​កៅស៊ូ។ យើងក៏នឹងរក្សា​កិច្ចសហប្រតិបត្តិការជាមួយមន្ទីរកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ ក្រុមហ៊ុនចម្ការកៅស៊ូ ចម្ការកៅស៊ូជាលក្ខណៈគ្រួសារ រោងចក្រកែច្នៃ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីកែលម្អបច្ចេកទេសដាំដុះកៅស៊ូ និងបង្កើនការប្រមូលទិន្នន័យ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់កាលពីពេលថ្មីៗកន្លងទៅនេះថា បច្ចុប្បន្ន​កម្ពុជាមាន​រោងចក្រ និងរោងសិប្បកម្មកែច្នៃកៅស៊ូ និងឈើកៅស៊ូចំនួន ១៧៩ កើនឡើងចំនួន៦ ធៀបនឹងឆ្នាំ២០២៣។ ឧស្សាហកម្មកៅស៊ូបាន​បង្កើតកា​រងារចំនួន១៤ម៉ឺនកន្លែង និងបានគាំទ្រដល់សុខុមាលភាព​សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋចំនួន ៤២ម៉ឺនគ្រួសារ ខណៈដែលរោងចក្រ​ផលិតសម្បកកង់រថយន្តខ្នាតធំមានចំនួន៣កំពុងដំណើរការ និងរង់​ចាំទទួលទិញ​ជ័រកៅស៊ូ​ក្នុងស្រុក ស្ថិតនៅក្នុងខេត្តស្វាយរៀង ក្រចេះ និងក្រុងព្រះសីហនុ។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមារោងចក្រផលិតសំបកកង់រថយន្ដ​ចំនួន៣កំពុងតែដំណើរការ។ ក្នុងនោះ ទី១៖ ក្រុមហ៊ុន CART TIRE CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ (ខេត្ដស្វាយរៀង) បានដំណើរការនៅឆ្នាំ២០២១ លើទំហំផ្ទៃដី ៥០ហិកតា ក្រោមទុនវិនិយោគ ៧៨៧លានដុល្លារ ដោយមានទីផ្សារនាំចេញទៅអាមេរិក, កាណាដា, សមគមន៍អីរ៉ុប និងអាស៊ី ក្រោមម៉ាកសញ្ញា «Sailun»។

ទី២៖ ក្រុមហ៊ុន GENERAL TIRES TECHNOLOGY (CAMBODIA) CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (ខេត្ដព្រះសីហនុ) បានដំណើរការ នៅឆ្នាំ២០២២ លើទំហំផ្ទៃដី​២០ហិកតា ក្រោមទុនវិនិយោគ ២៩៧លានដុល្លារ ដោយមាន​ទីផ្សារនាំចេញ ទៅអាមេរិក និងមានគម្រោងនាំចេញទៅទីផ្សារប្រទេស​ប្រេស៊ីល ក្រោមម៉ាកសញ្ញា «Sailun»និងទី៣៖ រោងចក្រផលិត​សំបកកង់រថយន្ដ ក្រុមហ៊ុន NEWBUSTAR (Cambodia) នៅតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ តម្លៃជាង១៣៨លានដុល្លារ បានបើកឲ្យ ដំណើរការជាផ្លូវការ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានទីផ្សារនាំចេញ ទៅអាមេរិក, សហគមន៍អីរ៉ុប និងប្រទេសប្រេស៊ីល ក្រោមម៉ាកសញ្ញា «DoubleStar»។

គប្បីរំលឹកជូនថា កាលពីឆ្នាំ២០២៤ ប្រាក់ចំណូលពីការនាំ​ចេញផលិ​តផលកៅស៊ូចំនួន ៦៧១,៧លានដុល្លារ គឺកើន​ឡើងជាង១៥០លាន​ដុល្លារ បើធៀបនឹងឆ្នាំ២០២៣។ ចំណែករោងចក្រផលិតសំបកកង់​ក្នុងស្រុកចំនួន ៣ បានកែច្នៃកៅស៊ូ​ផលិតក្នុងស្រុកចំនួន ៥៨,០០០ តោន ដែលមានតម្លៃប្រហែល ៩៦,៤ លានដុល្លារ កើនឡើងជាង៥០ លានដុល្លារ​ពីឆ្នាំ២០២៣។

បច្ចុប្បន្នកម្ពុជាផ្ទៃដីដាំកៅស៊ូសរុបរបស់កម្ពុជាមានទំហំ ៤២៥,៤៤៣ ហិកតា ក្នុងនោះ ៣៣០,២៥៩ ហិកតា (៧៨ ភាគរយ) កំពុងប្រមូល​ផល ខណៈដែល ៩៥,១៨៤ ហិកតា (២២ ភាគរយ) កំពុងស្ថិតក្នុង​ដំណាក់កាល​ដាំដុះ ។ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្ម ២២៦ ៨៤០​ហិកតា ស្មើ៥៥ភាគរយ និងផ្ទៃដីកៅស៊ូគ្រួសារ១៨០ ៣៣២​ហិកតា ស្មើ ៤៤ភាគរយ៕