ទូទាំងប្រទេសមានប្រតិបត្តិករទឹកស្អាតឯកជនចំនួន៤៥៤ ស្ថាប័នកំពុងចូលរួមជាមួយរដ្ឋផ្តល់សេវាទឹកស្អាត

0

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានលើកឡើងថា បច្ចុប្បន្ន ប្រតិបត្តិករទឹកស្អាត​ឯកជន​ចំនួន ៤៥៤ ស្ថាប័នកំពុងផ្តល់សេវាទឹកស្អាតនៅទូទាំងប្រទេស និងគ្រប​ដណ្តប់ប្រមាណ ៥៥​ភាគរយ​ នៃតំណសរុបចំនួនប្រមាណ ១,៤ លានតំណ។ជាមួយគ្នានេះដែរឆ្នាំ២០២៤កន្លងទៅ ប្រតិបត្តិករ​ទឹក​ស្អាតឯកជន និងរដ្ឋាករទឹកសាធារណៈ បានបង្កើនតំណទឹកស្អាត​សម្រាប់មូលដ្ឋានអាជីវកម្ម និងប្រជាពលរដ្ឋចំនួន ១៣៣ ១០៣ តំណ។

ក្នុងសន្និបាតប្រចាំឆ្នាំលើកទី១៣ របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាត​កម្ពុជា (CWA)កាលពីពេលថ្មីៗនេះ ឯកឧត្តម ហែម វណ្ណឌី បានថ្លែង​បន្តដោយគូសរំលេចពីតួនាទីសំខាន់នៃសេវាទឹកស្អាតសម្រាប់សុខភាពសាធារណៈ និងជំរុញកំណើនសេដ្ឋកិច្ច និងភាព​ចាំបាច់នៃកិច្ច​សហការ​ជិតស្និទ្ធរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន គ្រឹះស្ថាន​ហិរញ្ញវត្ថុ ប្រតិបត្តិករទឹកស្អាត និងអ្នកប្រើប្រាស់ ក្នុងកិច្ចខិតខំពង្រីក​សេវាទឹកស្អាត សម្រាប់ទាំង​ការប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់​គាំទ្រសកម្មភាពពាណិជ្ជកម្ម ផលិតកម្ម និងសេវាកម្ម ពិសេសក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស សួនឧស្សាហកម្ម និងតំបន់ទេសចរណ៍ ផង។

ដោយជំរុញ​ឱ្យ​ប្រតិបត្តិករ​ទឹក​ស្អាតទាំងអស់ត្រៀមលក្ខណៈបុរេសកម្ម ដើម្បីទប់ស្កាត់បញ្ហាខ្វះទឹកជាយថាហេតុ​ ឯកឧត្តម ហែម វណ្ណឌី បានទាញអារម្មណ៍ប្រតិបត្តិករទាំងអស់ថា កម្ពុជា ក៏ដូចជាបណ្ដា​ប្រទេសនានាលើពិភពលោកដែរ បច្ចុប្បន្ន កំពុងរងផលវិបាកកើន​ឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ដែលនឹងប៉ះពាល់ដោយផ្ទាល់​ដល់ប្រភពទឹក និងដល់អាជីវកម្មផ្គត់ផ្គង់​ទឹកស្អាត។

សម្រាប់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បាន​លើកទឹកចិត្តឱ្យមានការចែករំលែកចំណេះដឹង បទពិសោធន៍ បច្ចេក​វិទ្យាថ្មីៗបន្ថែមទៀតក្នុងចំណោមប្រតិបត្តិករឯកជន និងរដ្ឋាករទឹក​សាធារណៈ ដើម្បីបង្កើនប្រសិទ្ធ​ភាព​ប្រតិបត្តិការ ធានាបាននូវភាព​ជឿជាក់​នៃសេវាកម្ម ការអនុលោមតាមបទប្បញ្ញត្តិ និងការពង្រីក​បណ្តាញផ្គត់ផ្គង់ទឹក​ស្អាត​ប្រកបដោយនិរន្តរភាព៕