ស្រុកពញាឮ ខេត្តកណ្តាល បានក្លាយជាស្រុកដំបូងគេ ក្នុងការសិក្សាគម្រោងអភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹងធម្មជាតិ ជាពិសេសតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ហាត់ប្រាណ និងទេសចរ។
ការសម្រេចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ចេញឱ្យដឹងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅក្នុងកិច្ចប្រជុំនាសាលប្រជុំសាលាខេត្តកណ្តាលរវាងឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ។កិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាសំណើសុំកិច្ចសហការសម្របសម្រួលរៀបចំកិច្ចពិភាក្សា និងធ្វើបទបង្ហាញស្តីពីគម្រោងរៀបចំកែលម្អរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ និងលំហរសាធារណៈនានា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ខេត្តកណ្តាលជាខេត្តគោលដៅមួយក្នុងចំណោមរាជធានីខេត្តដទៃទៀត ក្នុងការអនុវត្តនូវលំហបៃតងនៅទីសាធារណៈ ដោយកំណត់យកស្រុកពញាឮ ជាស្រុកដំបូងគេបង្អស់ ក្នុងការបង្កើតនូវលំហបៃតងនៅទីសាធារណៈ ដែលអាចបង្កើតនូវដង្ហើមបៃតង កំណើនសេដ្ឋកិច្ចនៅទីនោះផ្ទាល់តាមរយៈការទាក់ទាញភ្ញៀវទេសចរ ដោយផ្សារភ្ជាប់ទីសាធារណៈ មានរបៀបរៀបរយ អនាម័យ និងបង្កើតភាពស៊ីវិល័យជូនប្រជាពលរដ្ឋ ។ជាពិសេសបង្កើតឱ្យមានប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតំបន់នោះ។
ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន បានពន្យល់ពីគោលបំណងនៃការសិក្សាគម្រោងនេះ ។ ការសិក្សាគម្រោងនេះ មានគោលបំណងរៀបចំទីតាំងឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយឡើងវិញ។ រក្សាប្រពៃណីវប្បធម៌ក្នុងតំបន់ រៀបចំបរិស្ថានឱ្យមានផាសុកភាព ជួយលើកកម្ពស់ជីវភាពប្រជាជន និងរបៀងសេដ្ឋកិច្ចនៅក្នុងតំបន់។
ក្នុងកិច្ចប្រជុំឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលស្រុកពញាឮ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការសិក្សាកំណត់ទីតាំងឱ្យបានច្បាស់លាស់ និងសហការឱ្យបានល្អ ធ្វើយ៉ាងណាឱ្យគម្រោងអភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹងធម្មជាតិ នៅស្រុកពញាឮ ទទួលបានលទ្ធផលល្អ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ពិសេសសម្រាប់ថ្ងៃអនាគត។ បន្ថែមលើនេះឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវរកទីតាំងសម្រាប់ក្រុង-ស្រុករបស់ខ្លួន ដើម្បីបង្កើតនូវគម្រោងអភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹងធម្មជាតិ នៅតាមក្រុងស្រុករៀងៗខ្លួនផងដែរ៕